រដ្ឋមន្ដ្រី​ការពារជាតិ ជំរុញឲ្យអ្នកមាន​ស្រុកខ្មែរ ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​​ដើម្បី​កាត់បន្ថយការកក​ស្ទះចរាចរណ៍

  • 2018-11-20 07:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែងចំពោះមុខតំណាងក្រុមហ៊ុនធំៗនានា នៅក្នុងពិធីតាំងពិព័រណ៍បង្ហាញការហោះហើរឧទ្ធម្ភាគចក្រទំនើបរបស់រុស្ស៊ី នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង នា​ព្រឹក​ថ្ងៃ​ទី២០ ខែវិច្ឆិកា​នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំណូមពរ​ឲ្យម្ចាស់ក្រុមហ៊ុននៅស្រុកខ្មែរ ងាកមកចាប់អារម្មណ៍​ការ​ប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីកាត់​បន្ថយការកកស្ទះចរាចណ៍ និងចំណេញពេលវេលា។

ក្នុងពិធីទស្សនាការតាំងពិព័រណ៍​បង្ហាញការហោះហើរឧទ្ធម្ភាគចក្រ​ប្រភេទ Ansat និង MI-171A2 របស់ក្រុមហ៊ុន RUSSIAN HELICOPTER នោះ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា “ខ្ញុំនឹងសំណូមពរឲ្យពួកគាត់ (ម្ចាស់​ក្រុមហ៊ុន) ងាកមកមើល បើសិនមានលទ្ធភាព​ក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីបម្រើឲ្យការងារដែលខ្លួន...។ សូមចាប់អារម្មណ៍យកយន្ដហោះ​ប្រភេទនេះ Ansat និង MI-171A2 ប្រសើរជាង”។

សម្ដេច​ ទៀ បាញ់ ឡើង​ជិះ​សាកល្បង​ឧទ្ធម្ភាគចក្រ MI-171A2 របស់​រុស្ស៊ី
ជាមួយ​គ្នា​នោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បាន​ចាប់​អារម្មណ៍ឧទ្ធម្ភាគចម្រ​ថ្មី​នេះ​ផងដែរ ដោយស​ម្ដេច​បាន​បញ្ជាក់ថា ក៏នៅថ្ងៃអនាគត កម្ពុជានឹងទិញឧទ្ធម្ភាគចក្រ​របស់រុស្ស៊ីនេះ ដោយ​សារ​​វា​មាន​​គុណភាពល្អ ([ចុចអាន](http://kleykley.sabay.com.kh/article/1104771#utm_campaign=onpage))។

គួររំលឹកថា ឧស្សាហកម្មផលិតយន្តហោះរបស់សហព័ន្ធរុស្ស៊ី បាននាំយកឧទ្ធម្ភាគចក្រប្រភេទថ្មីទាំងនេះ ទៅចូលរួមហោះហើរ បង្ហាញខ្លួន ក្នុងពិព័រណ៍អាកាស និងអវកាសនៅ ខេត្តស៊ូហៃ ប្រទេសចិន ដោយទទួលបានការគាំទ្រ និងការបញ្ជាទិញ ពីប្រទេស​ចិន កាលពីពេលថ្មីៗកន្លងទៅ មុន​យក​មក​បង្ហាញ​នៅ​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន ដែល​មាន​កម្ពុជា វៀតណាម ថៃ និង​ម៉ាឡេស៊ី ជាដើម៕

ចុចអាន​អត្ថបទទាក់ទង៖

ប្រភព៖ ដើមអម្ពិល អត្ថបទ៖ ដើមអម្ពិល

អត្ថបទថ្មី
;