កម្មវិធី Khmer eCard វ៉ាដាច់ TikTok និង​ PUBG លើ App Store នៅ​កម្ពុជា

  • 2018-11-21 01:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ត្រឹម​រយៈ​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង កម្មវិធី Khmer eCard របស់​ក្រុម DirexPlay បាន​ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ លើ App Store ប្រទេស​កម្ពុជា ពោល​គឺ​វ៉ាដាច់ កម្មវិធី​ល្បី ២ គឺ TikTok និង​ហ្គេម PUBG។

លោក ឈួន ពិសិដ្ឋ ជា​​ប្រធានក្រុម Direxplay ដែល​មាន​សមាជិក​ក្រុម​អ្នក​ជំនាញ​ធ្វើ​វីដេអូ Animation ស្អាតៗ​​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា កម្មវិធី Khmer eCard ទទួល​បាន​ការ​ចូលចិត្ត​ និង​មាន​អ្នក​ទាញ​យក​ច្រើន​មែន​ទែនលើ App Store កម្ពុជា ដោយ​យោង​តាម​ប្រភពពី appannie.com។

Khmer eCard ជា​កម្មវិធី​កាត​ជូនពរ​បែប​អេឡិចត្រូនិច​មួយ​ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ដើម្បី​អបអរពិធី​បុណ្យ​ជាតិ​នានា ដូច​ជា​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង នា​​ថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកានេះ។

ដើម្បី​ប្រើ Khmer eCard បាន​គឺ​ងាយៗ​ប៉ុណ្ណោះ អ្នក​គ្រាន់​តែ​ដោនឡូត​យក​ពី App Store ឬ Play Store រួច​ចុច​លើ​ទម្រង់​វីដេអូ​ខ្លី ដែល​មាន​ស្រាប់​ក្នុង​កម្មវិធី រួច​សរសេរ​ឈ្មោះ​ទូក ង ឬ​ពាក្យជូនពរ និងដាក់​រូប​ខ្លួន​ឯង​ក៏​បាន​ បន្ទាប់​មក​ផុស​លើ Facebook ជា​ការ​ស្រេច។

ទម្រង់​វីដេអូ​ដែល​មាន​ស្រាប់​នោះ សុទ្ធ​តែ​ឆ្លង​កាត់​ការ​រចនា​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់ក្រុម Direxplay ដែល​មាន​អ្នក​ជំនាញ​ធ្វើ​វីដេអូ Animation ស្អាតៗ​ដាក់​លើ​ហ្គេម Jailbreak ដែល​ល្បី​​កាល​ពី​ឆ្នាំ ២០១៧៕


ប្រភព៖ Sabay News អត្ថបទ៖ រក្សា