កម្ពុជា ជំរុញ​ឱ្យ​ជប៉ុន និង​កូរ៉េ វិនិយោគ​លើការ​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំឡូងមី និង​កសិផល​​ផ្សេង​ៗ​ទៀត

  • 2018-11-25 02:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ធ្វើការ​វិនិយោគ​លើការ​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃ​ដំណាំ​ដំឡូង​មី និង​កសិផល​ផ្សេង​ទៀត មាន​ដូចជា ស្រូវ ពោត សណ្តែក និង​ឈើហូបផ្លែ ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​អតិបរមា។

សំណើ​ខាង​លើនេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក ប៉ាន សូរស័ក្តិ ដឹកនាំ​ប្រតិភូ​ចូលរួម​កម្មវិធី “A Small-Business-Group Seated Dinner” រៀបចំ​ឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ចែក​រំលែក​ព័ត៌មាន​ផ្សេងៗ ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និង​ទេសចរណ៍។ កម្មវិធី​នេះ ត្រូវបាន​ដឹកនាំ​ដោយ លោក Manatsu ICHINOKI អគ្គលេខាធិការ នៃ​លេខាធិការដ្ឋាន គណៈ​កម្មការ​រៀបចំ​ពិព័រណ៍​ពិភពលោក​ជប៉ុន ឆ្នាំ​២០២៥ និងមានការ​ចូលរួម​ពីអង្គទូត​នៃ​ប្រទេស​បារាំង កូរ៉េ ប៊ែលហ្សិក និងបុគ្គលិក​លេធិការដ្ឋាន ប្រមាណ​ជាង ១៥​នាក់។

លោក ប៉ាន សូរស័ក្តិ ក្នុងកម្មវិធី “A Small-Business-Group Seated Dinner” នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ វិច្ឆិកា ២០១៨។ រូបថត៖ FB ក្រសួងពាណិជ្ជកម្ម
នៅក្នុង​កម្មវិធី​នោះ លោក​រដ្ឋមន្ត្រី បាន​លើកឡើង​អំពីវឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ផលិតផល​អាទិភាព​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ធ្វើពិពិធកម្ម​នាំចេញ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ជំនាន់​ទី៣ ឆ្នាំ​២០១៤-២០១៨។ ​បច្ចុប្បន្ន​យុទ្ធសាស្ត្រ​នេះ កំពុង​ត្រូវបាន​រៀបចំ​ឡើងវិញ ដើម្បី​ឱ្យមាន​សង្គតិភាព (ត្រូវគ្នា)​ជាមួយ​គោលនយោបាយ​ជាតិ​ដ៏ទៃ​ទៀត។

បន្ថែមលើនេះ លោក ប៉ាន សូរស័ក្តិ ក៏បាន​ពន្យល់​ភ្ញៀវកិត្តិយស​ទាំងអស់ អំពី​អត្ថប្រយោជន៍​នៃគោលនយោបាយ​គាំពារ​វិនិយាគ​របស់​កម្ពុជា និងការ​លើក​ទឹកចិត្ត​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ដូចជា ការ​​លើក​លែង​ពន្ធ​លើប្រាក់​ចំណេញ និង​ពន្ធលើ​ការនាំចូល​សម្ភារៈ និង​ឧបករណ៍​កសិកម្ម ក៏ដូចជា​សក្តានុពល​នៃ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​ធម្មជាតិ។

ជាការ​ឆ្លើយតប លោក​អគ្គលេខាធិការ Manatsu ICHINOKI និង​អង្គទូត​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី បាន​សម្តែង​ការ​សាទរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ បាន​សន្យាថា នឹង​ពាំនាំ​យក​សំណើ​របស់​រដ្ឋមន្ត្រី​កម្ពុជា ទៅ​ជម្រាប​រដ្ឋាភិបាល​របស់ខ្លួន ព្រមទាំង​ជួយផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​កម្ពុជា ទៅដល់​វិស័យ​ឯកជន​ថែមទៀត​ ដើម្បី​ឱ្យ​ចូលទៅ​បណ្តាក់​ទុនកាន់ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;