វៀតណាម ដាក់​ផែន​ការ១ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ឧស្សាហកម្ម​ស្វាយចន្ទី

  • 2018-11-26 03:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​របស់​វៀតណាម បាន​ដាក់​ចេញ​ផែនការ​កំណែ​ទម្រង់​ឧស្សាហកម្ម​ស្វាយចន្ទី ដោយ​បង្កើន​ការ​ផលិត​ឲ្យ​បាន ៥០% ក្នុង​នោះ វៀតណាម​ត្រូវ​ឆ្លើយ​តប​នឹង​ស្ដង់ដារ​ដោយ​ប្រើប្រាស់​ជី​សរីរាង្គ​។ នេះ​បើតាម​វេបសាយ​ Vietnam Plus ​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

កម្មការិនីវៀតណាម ធ្វើការរបស់ពួកគេនៅរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញ (រូបថត៖ Vietnam News)
តាម Vietnam Plus វិទ្យាស្ថាន​វិទ្យាសាស្ត្រ​កសិកម្ម សម្រាប់​តំបន់​ឆ្នេរ​ភាគ​ខាង​ត្បូង​វៀតណាម ហៅ​កាត់ ASISOV បាន​ឲ្យដឹង​ថា ក្នុង​១ហិកតា កសិករ​វៀតណាម​អាច​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​ជាង​ ១,៥​តោន។ ទន្ទឹម​នេះ សមាគម​ស្វាយ​ចន្ទី​វៀតណាម បាន​ស្នើ​ក្រសួង​កសិកម្ម​វៀតណាម សហការ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ការ​ដាំដុះ​ស្វាយ​ចន្ទី ដើម្បី​នាំចូល​គ្រាប់​ស្វាយ​ចន្ទី​។

ក្នុង​កិច្ច​សហការ​នេះ កម្ពុជា យល់ព្រម​អនុវត្ត​ឲ្យ​ក្រុមហ៊ុន​វៀតណាម អភិវឌ្ឍ​តំបន់​ដាំដុះ​ស្វាយចន្ទី​ក្នុង​ផ្ទៃដី​ទំហំ ៥០ម៉ឺន​ហិកតា ដោយ​រំពឹង​ថា អាច​ផលិត​គ្រាប់​ស្វាយ​ចន្ទី​បាន ១​លាន​តោន ដើម្បី​នាំ​ទៅ​កាន់​វៀតណាម ក្នុង​មួយ​ឆ្នាំៗ​។

បើ​តាម​ក្រសួង​ដដែល វៀតណាម អាច​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ឲ្យ​ក្លាយ​ជា​ផលិតផល​សម្រេច​បាន ១,៨លាន​តោន​ក្នុង​មួយ​ឆ្នាំ។ គ្រាប់​ស្វាយ​ចន្ទី​សម្រាប់​កែច្នៃ ប្រមាណ ៧០% ត្រូវ​បាន​នាំចូល​ពី​ក្រៅ​ប្រទេស ហើយ​វៀតណាម​មាន រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ជាង ៤៨០​រោងចក្រ​។

គិត​ត្រឹម​ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៨ វៀតណាម​នាំចេញ​គ្រាប់​ស្វាយចន្ទី​សម្រេច បាន​ ២៨៦០០០ តោន (កើន ៤,៨% ធៀប​នឹង​ឆ្នាំ​មុន) ស្មើ​ទឹក​ប្រាក់ ២,៧ពាន់​លាន​ដុល្លារ​អាមេរិក (ធ្លាក់​ចុះ ១,៨% ធៀប​នឹង​ឆ្នាំ​មុន)។ ទីផ្សារ​សំខាន់ៗ ដែល​វៀតណាម​នាំចេញ មាន​ដូចជា​ អាមេរិក ចិន ហុល្លង់ អាល្លឺម៉ង់ និង​កាណាដា​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;