ចិន នឹង​យក​យន្តហោះ​មក​យក​ក្រុម​ជំរិត​ទារ​ប្រាក់​ ២៣៥​នាក់​ពី​កម្ពុជា

  • 2018-11-28 03:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្ដមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែង​ប្រាប់​ [ខ្លីៗ] នៅ​ព្រឹក​ថ្ងៃ​ទី​២៨​វិច្ឆិកា​នេះ​ថា ប៉ូលិស​ចិន នឹង​យក​យន្តហោះ​ពិសេស​មក​យក​ជនជាតិ​ចិន​ចំនួន ២៣៥​នាក់ ពាក់ព័ន្ធ​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ VOIP ពី​ប៉ូលិស​កម្ពុជា នៅ​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ទៀត​។

ជនជាតិចិន ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ តាមយន្តហោះរបស់ចិន កាលពី​ខែកក្កដា ឆ្នាំ​២០១៨​
លោក​ឧត្ដមសេនីយ៍ អ៊ុក ហៃសីឡា បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ជនជាតិ​ចិន​ទាំង​ ២៣៥នាក់ កំពុង​តែ​ស្ថិតនៅ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​។

សូម​ជម្រាប​ថា ប៉ូលិស​កម្ពុជា​បាន​បង្ក្រាប​ក្រុម​សង្គម​ងងឹត​ចិន​ចំនួន ២៣៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ VOIP ទៅ​ប្រទេស​ចិន ដោយ​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន។ ការ​បង្ក្រាប​នេះ បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្ត​តាកែវ។

លោក​ឧត្ដមសេនីយ៍ អ៊ី សុខឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ប្រាប់ [ខ្លីៗ] កាលពី​ព្រលប់​ថ្ងៃ​ទី​២៦​​វិច្ឆិកា​ថា ករណី​បង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន ២៣៥នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៣៥​នាក់ ទាក់ទង​នឹង​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ VOIP ទៅ​ក្រៅ​ប្រទេស គឺ​ទៅ​ប្រទេស​ចិន។

សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា ការ​បង្ក្រាប​នេះ​ស្ថិត​នៅ​ស្រុក​ត្រាំកក់ និង​ស្រុកបាទី ខេត្ត​តាកែវ ដោយ​នៅ ៤​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​នោះ

  • ទីតាំងទី១៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី ៧នាក។

  • ទីតាំងទី២៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ (ប្រុស)។

  • ទីតាំងទី៣៖ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី ២៤នាក់។

  • ទីតាំងទី៤៖ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី ០៥នាក់ សរុបទាំង ០៤ទីតាំង ចំនួន ២៣៥នាក់ ស្រី ៣៦នាក់៕

ជនជាតិចិន ដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ នាពេលកន្លងទៅ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;