ចិន​ចាប់ផ្ដើម​សាងសង់​នាវា​ដឹក​យន្តហោះ​ទី៣

  • 2018-11-28 06:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

សារព័ត៌មាន​រដ្ឋ​ចិន Xinhua កាលពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ២០១៨ បាន​ចេញផ្សាយ​តាមរយៈ WeChat ថា ប្រទេស​ចិន​បាន​ចាប់ផ្ដើម​សាងសង់​នាវា​ដឹក​យន្តហោះ​ទី៣ របស់​ខ្លួន ដូច​ការ​គ្រោង​ទុក។

នាវាដឹកយន្តហោះ​ទី​១ របស់​ចិន CNS Liaoning/ រូបភាព៖ Xinhua

ក្នុង​អត្ថបទ​ដែល​ចេញផ្សាយ​ដោយ Xinhua បញ្ជាក់​ថា ខណៈ​នាវា​ដឹកយន្តហោះ​ទី​២ និង​ជា​នាវា​ដឹកយន្តហោះ​ដែល​ផលិត​ក្នុង​ស្រុក​លើក​ដំបូង បាន​សាកល្បង​នៅ​ក្នុង​សមុទ្រ នាវា​ដឹក​យន្តហោះ​ជំនាន់​ថ្មី​មួយ​ទៀត កំពុង​ត្រូវ​បាន​សាងសង់​នៅ​ឯ​ទីតាំង​ផលិត​នាវា តាម​ការ​គ្រោង​ទុក។

ការ​ចេញផ្សាយ​របស់ Xinhua គឺ​ក្នុង​គោលបំណង​រម្លឹក​ខួប​លើក​ទី៦ នៃ​ការ​ហោះហើរ និង​ចុះចត​លើក​ដំបូង​របស់​យន្តហោះ​ចម្បាំង​ចិន លើ​នាវា​ដឹកយន្តហោះ​ទី​១ របស់​ចិន CNS Liaoning។

អ្នកជំនាញ​ផ្នែក​សញ្វាវុធ​របស់​ចិន និង​អ្នក​សង្កេតការណ៍​បរទេស ជាយូរមក​ហើយ បាន​លើកឡើង​ថា ប្រទេស​ចិន​បាន​ចាប់ផ្ដើម​សាងសង់​នាវា​ដឹក​យន្តហោះ​ទី៣ របស់​ខ្លួន នៅ​ទីតាំង​ផលិត​នាវា​របស់​រដ្ឋ Jiangnan Shipyard Group នៅ​ក្នុង​ក្រុង​សៀងហៃ។ ពួកគេ​ប៉ាន់ស្មាន​ថា នាវា​ដឹក​យន្តហោះ​ជំនាន់​ថ្មី​នេះ នឹង​ធំជាង និង​មាន​កម្លាំង​ខ្លាំងជាង​នាវា​ដឹក​យន្តហោះ Liaoning និង​នាវា​ដឹកយន្តហោះ​ទី​២ ដែល​មិន​ទាន់​ត្រូវ​បាន​ដាក់​ឈ្មោះ។

សូម​បញ្ជាក់​ថា នាវា​ដឹកយន្តហោះ​ទី១ របស់​ចិន គឺ​ជានាវា​ផលិត​ក្នុង​ជំនាន់​អតីតសហភាព​សូវៀត បន្ទាប់​មក​ត្រូវ​បាន​ចិន​ទិញ​ក្នុង​តម្លៃ ២០​លានដុល្លារ​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​ធ្វើការ​អភិវឌ្ឍ​ជា​នាវាដឹកយន្តហោះ Liaoning។ ចំណែក​នាវា​ដឹកយន្តហោះ​ទី២ បាន​បញ្ចប់​ការ​សាងសង់​កាលពី​ខែ​មេសា ឆ្នាំ​២០១៨ ដោយ​នេះ​ជា​នាវា​ដឹកយន្តហោះ​ផលិត​ក្នុង​ស្រុក​ដំបូងគេ​របស់​ចិន។ នាវា​ដឹកយន្តហោះ​ទី​២​នេះ ពុំទាន់​ត្រូវ​បាន​ដាក់​ឈ្មោះ​ទេ ហើយ​កំពុង​ធ្វើការ​សាកល្បង​នៅ​ឡើយ៕


ប្រភព៖ Chinadaily ប្រែ​សម្រួល៖ វាសនា