ណូវែលហ្សេឡង់ ឆ្លើយតប​នឹង​ក្រុមហ៊ុន​ចិន Huawei ជុំវិញ​ការ​ដាក់​បម្រាម

  • 2018-11-29 07:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ណូវែលហ្សេឡង់ នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ២០១៨​នេះ បានបដិសេធ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei ដែល​ត្រូវ​បាន​ដាក់​បម្រាម​ពី​ការ​រាយបណ្ដាញ 5G មិនមែន​ដោយសារ​វា​ជារបស់​ចិន​នោះ​ទេ។ ណូវែលហ្សេឡង់​ថា បញ្ហា​ដែល​វា​ប្រឈម គឺ​បច្ចេកវិទ្យា។

លោក Andrew Little រដ្ឋមន្រ្តី​សម្រាប់​ទីភ្នាក់ងារ​សន្ដិសុខ​កណ្ដាល​របស់​ណូវែលហ្សេឡង់​បញ្ជាក់​ថា "វាមិនមែន​ដោយសារ​ប្រទេស ហើយ​វា​មិនមែន​ដោយសារ​ក្រុមហ៊ុន​ណាមួយ​នោះ​ដែរ វា​ដោយសារ​បច្ចេកវិទ្យា ដែល​ត្រូវ​បាន​ស្នើ​ឡើង"។

លោក​បន្ថែម​ថា "ខ្ញុំ​អាច​និយាយ​ដោយ​ភាពជឿជាក់​ថា ពុំមាន​ការ​បង្ហាញ​ណាបាន​ធ្វើឡើង​ទៅ​កាន់​ការិយាល័យ​សន្ដិសុខ​កណ្ដាល [ណូវែលហ្សេឡង់] ពី​ប្រទេស​អូស្រ្ដាលី ពី​អាមេរិក ឬ​ពីណា​នោះ​ទេ អំពី​ធម្យោបាយ​ដើម្បី​ធ្វើការ​សម្រេច​នេះ"។

ក្រុមហ៊ុន​ទូរគមនាគមន៍​ធំបំផុត​របស់​ណូវែលហ្សេឡង់ Spark កាលពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ២០១៨ ម្សិលមិញ បាន​ប្រកាស​ថា ការិយាល័យ​សន្ដិសុខ​កណ្ដាល​បាន​បដិសេធ​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei ក្នុង​ការ​រាយ​បណ្ដាញ​អ៊ីនធឺណិត 5G។ ក្រុមហ៊ុន​ណូវែលហ្សេឡង់​នេះ​ថា នេះ​ដោយសារ​ការ​ប្រឈម​នឹង​បញ្ហា​សន្ដិសុខ​ជាតិ​យ៉ាង​ខ្លាំង។

ចំណែក​ប្រទេស​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​ណូវែលហ្សេឡង់ ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់ ១៨​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​លើ​បម្រាម​នេះ។

សូម​បញ្ជាក់​ថា ប្រទេស​អូស្រ្ដាលី​ក៏​បាន​ហាម​ក្រុមហ៊ុន​ចិន Huawei និង ZTE មិនឲ្យ​ចូលរួម​ក្នុង​ការ​រាយ​បណ្ដាញ​អ៊ីនធឺណិត 5G នៅ​ក្នុង​ប្រទេស​របស់​ខ្លួន កាលពី​ខែ​សីហា ២០១៨ កន្លង​ទៅ​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;