គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្ត​កែប-ព្រះសីហនុ នឹងត្រូវ​អនុវត្ត​ក្រោម​ជំនួយ ADB ៣០លាន​ដុល្លារ

  • 2018-11-30 02:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ទេសចរណ៍ និង​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍ ជា​សេនាធិការ នឹង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ជំហាន​ទី២ នៅខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ក្រោម​ជំនួយ​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រមាណ​៣០លាន​ដុល្លារ។ នេះបើ​តាមលោក ទិត ចន្ថា រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃ​ក្រសួង​ទេសចរណ៍ ក្នុង​កិច្ចសម្ភាស​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍ កាលពី​ថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង។

លោក​បាន​ឱ្យដឹង​ថា គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ជំហានទី២​នេះ រួមមាន៖ គម្រោង​រៀបចំ​បង្កើត​ទីលាន​ចាក់សំរាម និង​សម្ភារ​សម្អាត​ទីក្រុង នៅខេត្ត​កែប និង​គម្រោង​បី​ទៀត​នៅខេត្ត​ព្រះសីហនុ មាន​ដូចជា​គម្រោង​ធ្វើផ្លូវ​ទេសចរណ៍​តាម​បណ្ដោយ​ឆ្នេរសមុទ្រ គម្រោង​បង្កើត​រោងចក្រ​សម្អាត​ទឹកកខ្វក់ និង​គម្រោង​កសាង​កំពង់ផែ​ទេសចរណ៍​នៅក្រុង​ព្រះសីហនុ និង​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

ភ្ញៀវទេសចរកំពុងមុជទឹកកម្សាន្តនៅសមុទ្រខេត្តព្រះសីហនុ
លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់ថា នៅឆ្នាំ២០១៨​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ ADB សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិយាប័ន្ន​ជំហាន​ទី២ ក្នុង​មហា​អនុតំបន់​ទន្លេគង្គ (GMS)។

ក្រសួង​ទេសចរណ៍ និង​ធនាគារ ADB បាន​ចាប់ផ្ដើម​អនុវត្ត​ជំហាន​ទី១ បណ្ដើរៗ​មកហើយ នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ប្រកបដោយ​បរិយាប័ន្ន នៅក្នុង​មហាអនុតំបន់​ទន្លេគង្គ (GMS) ក្នុងនោះ​មាន​គម្រោង​កំពង់ផែ​ទេសចរណ៍ នៅខេត្ត​កំពត គម្រោង​បង្កើត​ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់​នៅផ្សារក្ដាម ខេត្ត​កែប គម្រោង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​នៅខេត្ត​កំពត ខេត្ត​កែប និង​ខេត្តកោះកុង ដែល​គម្រោង​មួយនេះ បាននឹង​កំពុង​អនុវត្ត​ប្រកបដោយ​ជោគជ័យ។ នេះបើតាម​លើកឡើង​បន្ថែម​របស់​លោក ទិត ចន្ថា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;