ទាហាន​កូរ៉េខាងជើង រត់​ចូល​កូរ៉េខាងត្បូង ​ក្រោយ​ស្ថានភាព​ព្រំដែន​ធូរ​ស្រាល

  • 2018-12-01 04:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទាហាន​កូរ៉េខាងជើង​ម្នាក់ បាន​រត់​គេច​ទៅ​កាន់​កូរ៉េខាងត្បូង តាម​រយៈ​តំបន់​គ្មាន​យោធា ចំណុច​ព្រំដែន​កូរ៉េ​ទាំងពីរ នៅ​ថ្ងៃ​សៅរ៍ ទី១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។​ ការ​រត់​គេច​នេះ គឺ​បន្ទាប់ពី​ប៉ុស្តិ៍​យាម​ជាច្រើន​នៅ​តាម​ព្រំដែន ត្រូវ​បាន​បំផ្លាញ​ចោល នៅ​ក្នុង​សប្ដាហ៍​នេះ។

ទាហានយាមនៅព្រំដែនកូរ៉េទាំងពីរ (រូបថត៖ Strait Time)
សេចក្ដី​ថ្លែងការណ៍​មួយ​របស់​កូរ៉េខាងត្បូង បាន​ឲ្យដឹង​ថា ទាហាន​កូរ៉េខាងជើង​ដែល​បាន​រត់គេច​នោះ ត្រូវ​បាន​ឃាត់ខ្លួន និង​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​ពី​សេចក្ដី​លម្អិត​ជុំវិញ​ការ​រត់គេច​មក​កូរ៉េខាងត្បូង​។ ប្រភព​ដដែល​បន្ត​ថា មិន​មាន​សកម្មភាព​មិន​ប្រក្រតី​ណា​មួយ ពី​កង​កម្លាំង​កូរ៉េខាងជើង​នៅ​ព្រំដែន​ឡើយ។

ការ​រត់គេច​របស់​ទាហាន​កូរ៉េខាងជើង​នេះ គឺ​ក្រោយ​ពី ប្រទេស​ទាំងពីរ​បាន​អនុវត្ត​កិច្ច​ព្រមព្រៀម​មួយ​ដែល​ចុះ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន។ ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ទី៣០​វិច្ឆិកា​ថា ប៉ុស្តិ៍​យាម​ចំនួន ២០ នៅ​ព្រំដែន​ត្រូវ​បាន​កម្ទេច​ចោល​។

ប៉ុស្តិ៍យាមមួយ ត្រូវបានកម្ទេចចោល នៅព្រំដែន​កូរ៉េទាំងពីរ (រូបថត៖ Telegraph)

សូម​ជម្រាប​ថា ហេតុការណ៍​រត់​គេច​ស្រដៀង​គ្នា​នេះ ធ្លាប់​កើត​មាន​លើក​ចុងក្រោយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់ ត្រូវ​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ពេល​ព្យាយាម​រត់​គេច​ពី​គ្រាប់​កាំភ្លើង​របស់​ទាហាន​កូរ៉េខាងជើង​ផ្សេងទៀត​ដែល​បាញ់​តម្រង់​មក​លើ​រូបគេ​។

យ៉ាង​ហោច​ណាស់ មាន​ទាហាន​កូរ៉េខាងជើង ៣ម៉ឺន​នាក់ បាន​រត់​គេច​ចូល​ទៅ​រស់នៅ​កូរ៉េខាងត្បូង ដែល​ភាគច្រើន​រត់​គេច​ចូល​តាម​ច្រក​ព្រំដែន​ប្រទេស​ចិន ដោយសារ​តែ​តំបន់​ព្រំដែន​កូរ៉េទាំងពីរ មាន​បង្កប់​គ្រាប់​មីន និង​ខ្សែលួស​ ពិបាក​ឆ្លង​៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;