សម្តេច ហេង សំរិន៖ ចលនា​២ធ្នូ ​ជា​មេរៀន​សម្រាប់​កម្ពុជា កុំឱ្យ​ធ្លាក់ក្នុង​សង្គ្រាម​ទៀត

  • 2018-12-02 04:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហេង សំរិន បាន​លើកឡើង​ថា ថ្ងៃទី២​ធ្នូ ១៩៧៨ មិន​ត្រឹមតែ​ជាថ្ងៃ​ដែល​កម្ពុជា បោះ​ជំហាន​ចេញពី​ភាពហិនហោច​ខ្លោចផ្សា​ និង​មិនត្រឹមតែ​បាន​បង្ហាញ​ពី​ស្មារតី​លះបង់ និងការ​រួបរួម​កម្លាំង​អ្នក​តស៊ូ​ស្នេហា​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ក្លាយ​ទៅជា​កញ្ចក់​ប្រវត្តិសាស្រ្ត​ដ៏សំខាន់​ផងដែរ សម្រាប់​កម្ពុជា​យកធ្វើជា​មេរៀន កុំឲ្យ​ភ្លាំងភ្លាត់​ធ្លាក់​ក្នុង​សង្គ្រាម​ជាថ្មីទៀត។ ការថ្លែង​នេះ​ធ្វើឡើង​ពី​ពិធី​អបអរសាទរខួប​អនុស្សាវរីយ៍​លើកទី៤០ នៃថ្ងៃបង្កើត​រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (ពីមុន​ឈ្មោះថា "រណសិរ្សសាមគ្គីសង្គ្រាះជាតិ​កម្ពុជា") នាព្រឹក​ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៨ នៅ​វិមាន​អនុស្សាវរីយ៍​២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ។

សម្តេច ហេង សំរិន ដែល​ជាប្រធាន​ស្ថាបនិក​នៃ​រណសិរ្ស​នេះ បាន​បញ្ជាក់​ថា ការ​ប្រារព្ធខួប​អនុស្សាវរីយ៍លើកទី៤០​នេះ គឺក្នុង​ស្មារតី​រំលឹក​ការ​ចងចាំ​ជា​និច្ចនូវ គុណូបការៈ​ដ៏ឧត្តុង្គឧត្តម​របស់​វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែលបាន​បូជា សាច់ស្រស់​ឈាមស្រស់​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត។

ជាមួយគ្នានេះ សម្តេច​ប្រធាន​រដ្ឋសភា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​កម្ពុជា​ទំាងអស់​ចងចាំ​ថា សន្តិភាព​គឺជា​កត្តា​មូលដ្ឋាន​គ្រឹះ ដើម្បី​ធានា​ដល់​ដំណើរ​រីកចម្រើន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព សមធម៌ និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត ប្រកប​ដោយកិត្តិយស​របស់​ប្រជាជន​កម្ពុជា។ «បើយើង​បាត់បង់​សន្តិភាព នោះយើង​នឹង​ត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់។ ម្យ៉ាងទៀត ទម្រាំ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និងការ​អភិវឌ្ឍ​ដែលកើតមាន​ដូច​ពេលនេះ គឺយើង​បាន​ឆ្លងកាត់​អស់​រាប់​សតវត្សរ៍​នូវ​រឿងរ៉ាវ​មហាទុក្ខ​សោក​វេទនា​ជាទី​បំផុត»។

សូម​ជម្រាប​ថា ​ជាផ្នែក​មួយ​នៃការ​ចូលរួម​អបអរ​សាទរ​ថ្ងៃ​បង្កើត​រណសិរ្ស២ធ្នូ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​ដើរ “៤០គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្រ្ត” ផងដែរ ដែល​ជាព្រឹត្តិការណ៍​មួយ​យុវជន​ប្រមាណជាង ៧​០០​នាក់ បានចូលរួម​ ដោយ​ធ្វើ​សកម្មភាព​ដើរ​រយៈពេល​២ថ្ងៃ កាត់​ទឹក ឆ្លង​ព្រៃ ទំាង​យប់ទំាង​ថ្ងៃ ដើម្បី​ស្វែងយល់ ពី​ដំណើរ​តស៊ូ​របស់​យុវជន​ខ្មែរ​សម័យ​នោះ។ ព្រឹត្តិការណ៍​នេះ បានធ្វើ​ពីថ្ងៃទី២៩ ខែ​វិច្ឆិកា ដល់ថ្ងៃទី​១ ខែធ្នូ ដោយចុង​បញ្ចប់​ គឺ​ជួបជុំគ្នា​នៅ​វិមាន​អនុស្សាវរីយ៍​២ធ្នូនេះ​តែម្តង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;