ក្លឹប​ក្រសួង​ការពារ​ជាតិ ប្រកាស​ដំណឹង​អាក្រក់​ រឿង​ ច្រឹង ពលរដ្ឋ​ ទៅ Buriram

  • 2018-12-03 02:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា កីឡាករ​ ច្រឹង​ ពលរដ្ឋ ត្រូវ​បាន​ក្លឹប​ថៃ Buriram United ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​។

(រូបថត៖ Buriram United)

ក្លឹប​ក្រសួង​ការពារ​ជាតិ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​កីឡាករ ច្រឹង ពលរដ្ឋ​ បាន​ទៅ​ដល់​ក្លឹប Buriram នា​ទឹកដី​ខេត្ត​បុរីរម្យ ប្រទេស​ថៃ និង​​ទទួល​បាន​ការ​ពិនិត្យ​របួស​ជើង​របស់​គាត់​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​របស់​ក្លឹប បាន​ឲ្យ​ឃើញ​ថា របួស​ដាច់​សរសៃ​ពួរ​ជង្គង់​របស់​ពលរដ្ឋ​​ នៅ​មិនទាន់​ជា​សះស្បើយ ១០០% ដែល​ជាហេតុ​មិន​អាច​ឲ្យ​ ពលរដ្ឋ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លឹប Buriramបាន​នៅ​ឡើយ​ទេ​។

ប្រភព​ដដែល​បន្ត​ថា គ្រូពេទ្យ​ជំនាញ​របស់​ Buriram បាន​ឲ្យ​កីឡាករ ច្រឹង ពលរដ្ឋ​ ត្រឡប់​មក​សម្រាក​ព្យាបាល​រយៈ​ពេល ៣​ខែ និង​ហ្វឹកហាត់​ដោយ​ខ្លួនឯង រហូត​ដល់​ជា​សះស្បើយ ១០០% សិន រួច​ខាង​ក្លឹប Buriram នឹង​តាម​ដាន​បន្ត​ទៀត​ថា​ តើ​គាត់​អាច​ជា​សះ ដូច​ដើម​ទាន់​រដូវកាល​ថ្មី​របស់​លីគ​កំពូល​ថៃ​ ឬ​ទេ​?

សូមបញ្ជាក់ថា ពលរដ្ឋ បាន​ទៅ​ដល់​ទឹកដី​ថៃ កាល​ពី​សប្ដាហ៍​មុន។ កីឡាករ​រូប​នេះ ​បាន​ចុះ​កុងត្រា​ជាមួយ Buriram ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ចំនួន ២​រដូវ​កាល​៕


អត្ថបទ៖ លាភ.