សុខ ធី ត្រូវ​ពិន័យ​មិន​ឲ្យ​ប្រកួត​គ្រប់សង្វៀន ទាំងក្នុងស្រុក និងក្រៅប្រទេស រយៈពេល ៦ខែ

  • 2018-12-03 03:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​វិន័យ នៃ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ពិន័យ​កីឡាករ​ សុខ ធី ដោយ​ផ្អាក​ការ​ប្រកួត​រយៈពេល ៦ខែ គ្រប់​សង្វៀន​ប្រកួត​គុនខ្មែរ ទាំងក្នុង​ប្រទេស​ និង​ក្រៅប្រទេស។ នេះ​បើ​យោង​តាម​លិខិត​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ចុះថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រៅ​ពី​ពិន័យ សុខ ធី សហព័ន្ធ​ដដែល​នេះ ក៏បាន​ពិន័យ​​គ្រូបង្វឹក​របស់​សុខ ធី ផងដែរ គឺលោក​ សាន សៅយ៉ាន់ គ្រូ​បង្វឹក​ក្លឹប​ប្រដាល់ប្រចាំ​ក្លឹបសៅយ៉ាន់នាគា ខេត្ត​បន្ទាយមានជ័យ ដោយ​ផ្អាក​ការងារ​ជា​មន្រ្ដី​អាជ្ញាកណ្ដាល និងចៅក្រម រយៈពេល ៦ខែ។

សុខ ធី នៅ​លើ​សង្វៀន​ប្រដាល់​ក្នុងស្រុកមួយ នា​ពេល​កន្លង​មក

គួររំលឹកផងដែរថា ដំណើរ​រឿង​ខាង​លើ​នេះ កើត​ឡើង​ដំបូង​ឡើយ​ដោយ ​សុខ ធី ​បាន​ប្រកួត​ចាញ់​កីឡាករ​ ធ្នូសឹកឡេក ​ដោយ​ពិន្ទុ ​ក្នុង​ការប្រកួត​សន្សំ​ពិន្ទុ​ដើម្បី​ខ្សែ​ក្រវាត់ ​ISI PALM រដូវកាលទី៣ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម នៅ​ស្ថានីយ៍​ទូរទស្សន៍​ CNC។ ​សុខ ធី ​មិន​ព្រម​ទទួល​លទ្ធផល​ចាញ់​នេះ​ទេ ​ហើយ​ក៏​បាន​ដាក់​ពាក្យ​ត​វ៉ា ដើម្បី​ឱ្យ​មើល​ការ​ប្រកួត​ម្ដង​ទៀត។ ក្រោយ​ពី​មាន​ការ​ពិនិត្យ ​សហព័ន្ធ​កីឡា​ប្រដាល់​នៅ​តែ​រក្សា​លទ្ធផល​ដដែល ដែលធ្វើ​ឲ្យ​សុខ ធី ​សម្រេច​ដើរ​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​​នោះ​តែ​ម្ដង៕

សូមអាន​លិខិត​របស់​ក្រុម​ប្រឹក្សា​វិន័យ​ នៃ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ដូចខាងក្រោម៖


អត្ថបទ៖ សុខ សុវត្ថិ