កាតា ប្រកាស​ដកខ្លួន​ចេញពី​អង្គការ OPEC

  • 2018-12-03 07:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កាតា​នឹង​ដកខ្លួន​ចេញ​ពី​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC) ដែល​ជា​អង្គការ​មាន​សមាជិក ១៥​ប្រទេស និង​ផ្គត់ផ្គង់​ប្រេង​ជាង​ពាក់កណ្ដាល​នៃ​ផលិតផល​ប្រេង​សរុប​ក្នុង​ពិភពលោក។

ការ​ប្រកាស​នេះ ធ្វើឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ថាមពល​កាតា Saad Sherida al-Kaabi នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ២០១៨​នេះ និង​ត្រូវ​​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុន Qatar Petroleum ដែល​ជា​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ។

លោករដ្ឋមន្រ្តី​ថាមពល​កាតា Saad Sherida al-Kaabi
ថ្លែង​ក្នុង​សន្និសីទ​ក្រុង Doha លោក​រដ្ឋមន្រ្តី​ថាមពល​កាតា​បញ្ជាក់​ថា "ការ​សម្រេច​ដកខ្លួន ផ្នែក​លើ​គោលបំណង​របស់​កាតា ដើម្បី​ផ្ដោត​កិច្ចខិតខំ​របស់​ខ្លួន​លើ​គម្រោង​ដើមបី​អភិវឌ្ឍ និង​បង្កើន​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ ពី ៧៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ ទៅ ១១០​លាន​តោន​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ​បន្ទាប់"។

ការ​ប្រកាស​នេះ ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​កិច្ចប្រជុំ OPEC ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

លោក Al-Kaabi បញ្ជាក់​ថា កាតា​បាន​សម្រេច​ដក​ខ្លួន​ចេញពី​អង្គការ OPEC នៅ​ខែ​មករា ២០១៩ ខាង​មុខ។

សូមបញ្ជាក់​ថា កាតា​ជាប្រទេស​ផលិត​ឧស្ម័ន​ធម្មជាតិ​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក ប្រមាណ ៣០% នៃ​ការ​ផ្គត់ផ្គង់​ក្នុង​ពិភពលោក​ទាំង​មូល៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;