តើ​រទេះ​គោ​ខ្មែរ​ អាច​នឹង​ក្លាយ​ជា​ទំនិញ​អេត​ចាយ​ឬ នា​ពេល​អនា​គត?

  • 2018-12-04 03:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“អាច​ដែរ បើ​អត់​មាន​អ្នក​ណា​ជួយ​គិត​គូរ ថែរ​ក្សា​អី...” ។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់ លោក នីម សំ​អឿន អ្នក​ទទួល​ទិញ​ទំនិញ​អេត​ចាយ​ដ៏​ធំ នៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ប្ញស្សី ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ​ កាល​ពី​ពេល​ថ្មីៗ​នេះ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ថា "តើ​រទេះ​គោ​ខ្មែរ​ អាច​នឹង​ក្លាយ​ជា​ទំនិញ​អេត​ចាយ​ឬ នា​ពេល​អនា​គត?"

ថៅកែ​អេត​ចាយ​​វ័យ​ ៤០​ឆ្នាំ​រូប​នេះ បាន​ឱ្យ​ដឹង​ថា លោក​បាន​ចាប់​ផ្តើម​ទិញ​រទេះ​គោ​ចាស់​ៗ ពី​ប្រជា​កសិ​ករ តាំង​ពី​ដើម​ឆ្នាំ​២០១៧ ​មក​ម៉្លេះ។ កាល​ដំបូង លោក​ចុះ​ទៅ​ទិញ​ដល់​ផ្ទះ​អ្នក​ស្រុក តែ​ពេល​នេះ លោក​នៅ​ចាំ​ទទួល​ទិញ ពី​កូន​កញ្ឆេរ ​(អ្នក​ដើរ​ទិញ​អេត​ចាយ​តាម​ភូមិ​) ឬ​ទិញ​ពី​អ្នក​ស្រុក​ដែល​យក​មក​លក់​ឱ្យ​លោក​ដល់​ផ្ទះ​វិញ​។

លោក នីម សំ​អឿន
លោក​រំលឹក​ថា កាល​ពីច្រើន​ឆ្នាំ​កន្លង​ទៅ លោក​ធ្លាប់​ទិញ​រទេះ​គោ​ចាស់ៗ យក​ទៅ​លក់​ឱ្យ​ឈ្មួញ ដែល​យក​ទៅ​លក់​បន្ត​នៅ​ប្រទេសថៃ។ តែ​បច្ចុប្បន្ន​ លោក​លក់​ឱ្យ​តែ​អ្នក​ក្នុង​ស្រុក ដែល​គេ​ទិញ​ទៅ​តាំង​លម្អ​តាម​ផ្ទះ តាម​វីឡា តាម​ហាង ឬ​តាម​រមណីយ​ដ្ឋានតែ​ប៉ុណ្ណោះ​។ ​អ្នក​ដែល​មក​ទិញ​រទេះ​គោ​របស់​លោក មាន​មក​ពី​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា។

ថៅ​កែ​ជើង​ចាស់​រូប​នេះ បន្ត​ទៀត​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​ប្រជា​កសិករ​នាំ​គ្នា​លក់​រទេះ​គោ​ចាស់ៗ ព្រោះ​ពួក​គេ​ឈប់​ប្រើ​រទេះ​គោ​ និង​សត្វ​ពាហនៈ​ជា​កម្លាំង​អូស​ទាញ​ទៀត​ហើយ ។ ឥឡូវ​គេ​ប្រើ​តែ​គោ​យន្ត​តែ​ប៉ុណ្ណោះ​ ហើយ​រទេះ​គោ​ត្រូវ​ពួក​កសិករ​បោះ​បង់​ចោល​។

ចំពោះ​តម្លៃ​រទេះ​គោ​វិញ លោក ​នីម ​សំអឿន ​ប្រាប់​ថា រទេះ​គោ​ចាស់​ៗ លោក​ទិញ​ក្នុង​តម្លៃ​ពី ៣០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល ហើយ​លក់​ទៅ​វិញ​ក្នុង​តម្លៃ​ពី ៤០​ម៉ឺន​រៀល ទៅ​៥០​រៀល​។ ចំណែក​កង់​រទេះ​ចាស់​ៗ​លោក​ទិញ ក្នុង​តម្លៃ​ពី​៣​ម៉ឺន​រៀល ទៅ​៤​ម៉ឺន​រៀល​ក្នុង​កង់​មួយ ហើយ​លក់​ទៅ​វិញ ក្នុង​តម្លៃ​ពី ៧​ម៉ឺន ទៅ​៨​ម៉ឺន​រៀល​។

បច្ចុប្បន្ន​ថៅ​កែ​អេត​ចាយ​រូប​នេះ មាន​រទេះ​គោ​ចាស់​ៗជិត​១០០​រទេះ និង កង់​​រទេះ​រាប់​ពាន់​កង់​៕

អត្ថបទ៖ ឃុត សុខឿន

អត្ថបទថ្មី
;