ក្រុមហ៊ុន​កៅស៊ូ​វៀតណាម បច្ចុប្បន្ន​មាន​ចំនួន​ប៉ុន្មាន ​នៅ​កម្ពុជា?

  • 2018-12-05 02:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

លោក សេង សក្កា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​កិច្ច​សហការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ​កម្ពុជា វៀតណាម ក្នុង​នោះ​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា មាន​ប្រមាណ​ជា​ ១៩​ក្រុមហ៊ុន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​ កសិ-ឧស្សាហកម្ម កៅស៊ូ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា ១០​ម៉ឺន​ហិកតា នៅ​កម្ពុជា។

កម្មករ កំពុងជៀរជ័រកៅស៊ូ នៅចម្ការកៅស៊ូមួយកន្លែង នៅខេត្តកំពង់ចាម

​ប្រសាសន៍​របស់​លោក សេង សក្កា បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់ ស្តីពី​ការងារ និង​លិខិត បទដ្ឋាន​គតិ​យុត្ត​នានា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ​។

លោក សេង សក្កា បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រុមហ៊ុន​វៀតណាម ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កសិ-ឧស្សាហកម្ម កៅស៊ូ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា១០ម៉ឺន​ហិកតា មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​៧ រួមមាន​៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ ​មណ្ឌលគីរី និង​ខេត្ត​រតនគីរី ដែល​បាន​ចំណាយ​ដើម​ទុន​ប្រមាណ​ជា​ ៨០០ លាន​ដុល្លារ​អាមេរិក​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​កៅស៊ូ​ទាំង​១៩ក្រុមហ៊ុន​​នោះ បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជា ១​ម៉ឺន ៥​ពាន់​នាក់ និង​បន្ត​តម្រូវការ​កម្មករ​រហូត​ជាង ៤ម៉ឺន​នាក់​ទៀត​ក្នុង​ឆ្នាំ​២០២០​៕​


អត្ថបទ៖ លាភ.