​រដ្ឋ​មន្ត្រី​វប្បធម៌ លើក​បញ្ហា​ប្រឈម ៤​យ៉ាង​ នៅ​រមណីយដ្ឋាន​អង្គរ

  • 2018-12-05 03:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក-អង្គរ លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាង្គ​ប្រាសាទ​ដួល​រលំ ឬ​ការ​លួច​វត្ថុ​បុរាណ​ទៀត​ហើយ តែ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ដូចជា ការ​ប្រែប្រួល​អាកាសធាតុ ការ​បំពុល​បរិស្ថាន ការ​គ្រប់គ្រង​ការ​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ការ​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ទេសចរ​ជាដើម​។

ភ្ញៀវទេសចរ កម្សាន្ត​នៅប្រាសាទអង្គរវត្ត​
ថ្លែង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញ​អង្គ​លើក​ទី២៥ នៃ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា​ អាយ​ស៊ីស៊ី-អង្គរ (ICC-Angkor) កាលពី​ថ្ងៃទី​៤ធ្នូ​ លោកស្រី​ ភឿង សកុណា ជំរុញ​ឲ្យ​រក​ដំណោះស្រាយ​ និង​វិធីសាស្ត្រ​ទប់ទល់​ឲ្យ​បាន​សមស្រប​ និង​មាន​ប្រសិទ្ធភាព​ទាំង​ក្នុង​បច្ចុប្បន្ន​និង​អនាគត​។

​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ បាន​ឲ្យដឹង​ថា វា​ជា​រឿង​ល្អ ដែល​កម្ពុជា​មាន​ក្រម​ប្រតិបត្តិ​អង្គរ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ គោរព​តាម និង​មាន​អង្គការ​ធានា​គុណភាព​ជប៉ុន (JQA) ដែល​តែង​ធ្វើ​សវនកម្ម​ផ្ទៃ​ក្នុង​/ក្រៅ​ លើ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន​នៅ​តំបន់​អង្គរ រហូត​ទទួល​បាន​វិញ្ញាបនបត្រ​ ធានា​គុណភាព​ជប៉ុន​ ដល់​ទៅ​ ៥លើក​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​កម្ពុជា​ នៅ​តែ​បារម្ភ​និង​បន្ត​ការ​ខិតខំ​រក​ដំណោះស្រាយ​បន្ត​ទៅ​ទៀត​ លើ​បញ្ហា​ទាំង​នេះ​។

ទាក់ទង​នឹង​ការ​លើកឡើង​ពី​បញ្ហា​ប្រាសាទ​លែង​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​នោះ លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា​ វា​ជា​ការ​ផ្តើម​ចេញ​ដ៏​ល្អ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជាតិ​ និង​អន្តរជាតិ ចេញ​ពី​ឫសគល់​នៃ​ក្តីស្រឡាញ់ និង​ស្មារតី​នៃ​ការ​ថែរក្សា​តំបន់​អង្គរ ដែល​គ្រប់​គ្នា​ចាត់ទុកថា​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​មនុស្ស​ជាតិ​ទាំងអស់​ត្រូវ​នាំគ្នា​ថែរក្សា។ ជាពិសេស គឺ​បាន​មកពី​គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ ដែល​ជា​យន្តការ​អន្តរជាតិ​ដើម្បី​កៀងគរ​ធនធាន​ថវិកា ជំនាញ​បច្ចេកទេស និង​ធនធាន​មនុស្ស​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ធ្វើការ​ជួសជុល អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​នានា ក៏ដូចជា​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក-អង្គរ​និង​ត្រូវ​ការ​ធនធាន​ច្រើន​ក្នុង​ការ​អនុវត្ត​កិច្ចការ​នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;