មេ​ប៉ូលិស បញ្ជា​ឲ្យ​បើក​ការ​​ស៊ើបអង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​ ជនជាតិ​ចិន​កាប់​គ្នា

  • 2018-12-05 06:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​បើក​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​កាត់​ត ជនជាតិ​ចិន​កាប់​គ្នា នៅ​រាជធានី​ភ្នំពេញ ក្នុង​ចេតនា​ដើម្បី​បំពុល​បរិយាកាស ឬ​ចេតនា​អាក្រក់​ណាមួយ ចំពោះ​រាជរដ្ឋាភិបាល​។ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការ​រង​នគរបាល​ជាតិ។

លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ

ក្រោយ​បញ្ចប់​ពិធី​ប្រកាស​មុខតំណែង​នាយ​នគរបាល​ជាតិ​ជាន់​ខ្ពស់​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ និង​ប្រធាន​អង្គភាព​អន្ដរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៥​ធ្នូ​នេះ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បាន​ថ្លែង​ថា ដោយសារ​មាន​បញ្ហា​បង្ហោះ​វីដេអូ​ឃ្លីប​កាត់ត​ក្រុម​ជនជាតិ​ចិន​កាប់គ្នា នាយ​ឧត្តមសេនីយ៍ នេត សាវឿន បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ករណី​នេះ។

លោក​បន្ត​ថា នេះ​ជា​អំពើ​ល្មើស​មួយ ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ខូច​បរិយាកាស​សង្គម ឬ​អាច​ជ្រៅ​ជាង​នេះ​ទៅ​ទៀត ដើម្បី​បម្រើ​ឲ្យ​នយោបាយ។ ដូច្នេះ​ជន​បង្ក​នេះ ត្រូវ​តែ​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អង្កេត ដើម្បី​បញ្ជាក់​រក​ការ​ពិត​។

អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​បាន​បដិសេធ​ចោល​ទាំងស្រុង នូវ​ខ្សែ​វីដេអូ​ឃ្លីប​មួយ ដែល​បាន​បង្ហោះ​ចែកចាយ​គ្នា ក្នុង​បណ្ដាញ​សង្គម នូវ​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា ដែល​អះអាង​ថា កើត​នៅ​រាជធានី​ភ្នំពេញ​។

អ្នកនាំពាក្យ​បញ្ជាក់​ថា វីដេអូ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​នេះ មិនមែន​ជាការ ​ពិត​ដូច​កើត​មាន​ តាម​ខ្សែ​វីដេអូ​នេះ​ឡើយ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច នៃ​ក្រុម​ជំនាញ បាន​បញ្ជាក់​ថា វីដេអូ​នេះ មាន​ការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុល បរិយាកាស​សង្គម បង្ក​ឲ្យ​មាន​ការភ័ន្តច្រឡំ និង​បង្កើត​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទទាក់ទង ស្នងការ​ខេត្ត​ព្រះសីហនុ បំភ្លឺ​រឿង​រូបភាព​ក្រុម​បង​ធំ​មាន​សាក់​ពេញខ្លួន


អត្ថបទ៖ សោភា