EU ៖ ការកំណត់ពន្ធលើអង្ករកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់

  • 2018-12-05 07:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​សហភាព​អឺរ៉ុប​ទាំង២៨ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​បោះឆ្នោត ប៉ុន្ដែ​មិន​មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​លើ​ដាក់​ពន្ធ​ការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ទេ ចាប់ពី​ចាប់ពី​ដើម​ឆ្នាំ​២០១៩ ខាង​មុខ ដែល​សហភាព​អឺរ៉ុប​មាន​បំណង​កាត់​បន្ថយ​ការនាំចូល​ទៅ​ក្នុងប្លុក​មួយ​នេះ។

ក្នុង​នោះ មាន​ប្រទេស​ចំនួន៨ បាន​បោះឆ្នោត​ប្រឆាំង ខណៈ​ប្រទេស​ចំនួន​៧ ទៀត សម្រេច​បោះឆ្នោត​អនុបវាទ។ នេះ​បើតាម Khmertimes។

ប្រទេស​អឺរ៉ុប​ភាគច្រើន​បាន​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​គាំពារ​នានា សម្រាប់​រយៈពេល ៣​ឆ្នាំ ប៉ុន្ដែ​ពុំមាន​មតិភាគច្រើន​គ្រប់គ្រាន់ ដើម្បី​សម្រេច​លើ​យន្តការ​នេះ។

គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​ត្រួតពិនិត្យ​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ទាំង ២៨​ប្រទេស បាន​បង្កើត​យន្តការ​នានា ហើយ​អាច​នៅតែ​អនុម័ត​លើ​យន្ដការ​ទាំងអស់​នេះ នៅ​ពេលដែល​គ្មាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់​ពី​រដ្ឋ​សមាជិក ក្នុង​សម្រេច​ជា​ឯកច្ឆន្ទ។

តាម​គម្រោង​គណៈកម្មការ​អឺរ៉ុប​គ្រោង​ដាក់ពន្ធ ១៧៥​អឺរ៉ូ (១៩៨,៣១​ដុល្លារ) ក្នុង​អង្ករ​មួយ​តោននៅ​ឆ្នាំ​ទី១ ហើយ​ធ្លាក់​មក​នៅ ១៥០​អឺរ៉ូ ក្នុង​ឆ្នាំ​ទី២ និង​នៅ ១២៥​អឺរ៉ូ​នៅ​ឆ្នាំ​ទី៣។

ប្រទេស​កម្ពុជា​បាន​ទទួល​ប្រយោជន៍​ពី​គម្រោង​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប "អ្វីគ្រប់យ៉ាង​លើកលែងតែ​អាវុធ" ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធ។

ប៉ុន្ដែ​កម្ពុជា រួមជាមួយ​មីយ៉ាន់ម់ា កំពុង​ប្រឈម​នឹង​ការ​បាត់បង់​នឹង​ការ​ទទួល​បាន​ការអនុគ្រោះពន្ធ​ពី​ប្លុក​ពាណិជ្ជកម្ម​ដ៏ធំបំផុត​ក្នុង​ពិភពលោក​នេះ លើ​បញ្ហា​សិទ្ធិមនុស្ស។ ជាមួយ​គ្នា​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​នាំចូល​អង្ករ​លើ​កម្ពុជា និង​មីយ៉ាន់ម៉ា ចាប់តាំង​ពី​ខែ​មីនា ២០១៨ ក្រោយ​ទទួល​បណ្ដឹង​មួយ​ពី​ប្រទេស​អ៊ីតាលី ដែលជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​អង្ករ​ដ៏ធំ​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ផង​ដែរ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;