សិង្ហបុរី និង​ម៉ាឡេស៊ី កំពុង​ប្រឈម​មុខ​ដាក់​គ្នា ដោយ​ជម្លោះ​ដែន​ទឹក និង​អាកាស

  • 2018-12-05 09:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំនាក់ទំនង​រវាង​សិង្ហបុរី និង​ម៉ាឡេស៊ី បាន​ប្រែយ៉ាង​លឿន​ទៅ​ប្រឈម​មុខ​គ្នា កាលពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ ដោយសារ​ជម្លោះ​លើ​បញ្ហា​ដែន​ទឹក និង​អាកាស​ដែល​បាន​កក្រើក​ឡើង។

ស្ពានឆ្លងពីរដ្ឋ Johor របស់​ម៉ាឡេស៊ី​ទៅកាន់​សិង្ហបុរី/ រូបភាព៖ AFP
សិង្ហបុរី​បាន​ប្រកាស​ថា សិង្ហបុរី​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ក្រុង​កូឡាឡាំពួរ លើ​ការ​ពង្រីក​កំពង់ផែ Johor Baru ដែល​ចូលទៅ​ក្នុង​ដែនទឹក​របស់​សិង្ហបុរី។ សិង្ហបុរី​បញ្ជាក់​ថា នឹង​មិន​ខ្លាច​លើ​ការ​ចាត់វិធានការ​ប្រឆាំង​នឹង​សកម្មភាព​ដែល​គ្មាន​ការ​អនុញ្ញាត​នៅ​លើ​ដែនទឹក​របស់​ខ្លួន​ឡើយ។

ការ​ប៉ះទង្គិចគ្នា​លើ​បញ្ហា​ដែន​ទឹក​នេះ​បាន​ផ្ទុះឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​លោក Anthony Loke រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​ប្រកាស​ថា ក្រុង​កូឡាឡាំពួរ​គ្រោង​យក​ត្រឡប់​មក​វិញ​នូវ​ការ​គ្រប់គ្រង​ដែន​អាកាស​លើ​រដ្ឋ Johor ភាគខាងត្បូង ដែល​ត្រូវ​ផ្ទេរ​សិទ្ធិ​ឲ្យ​សិង្ហបុរី​គ្រប់គ្រង តាម​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ​១៩៧៤។

លោក​រដ្ឋមន្រ្តី​ដឹកជញ្ជូន​ម៉ាឡេស៊ី​បញ្ជាក់​ថា វាមិនមែនជំហរ​ដើម្បី​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ ប៉ុន្ដែ​វា​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​របស់​ម៉ាឡេស៊ី ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រូវតែ​ការពារ។

ជាការឆ្លើយតប លោក Khaw Boon Wan រដ្ឋមន្រ្តី​ដឹកជញ្ជូន​សិង្ហបុរី​បាន​បញ្ជាក់​ថា "ការ​គ្រប់គ្រង​ដែន​អាកាស​មិន​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​ទេ ប្រទេស​ជាច្រើន​មាន​ដែន​អាកាស​របស់​ពួកគេ ឬ​ផ្នែក​នៃ​ដែន​អាកាស​របស់​ពួកគេ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ផ្សេង"។

គួររម្លឹកផង​ដែរ​ថា ក្រោយ​លោក មហាធៀ មហាម៉ាត់ បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី បាន​សើរើ​គម្រោង​សាងសង់​ផ្លូវ​ដែក គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត់​ជាមួយ​សិង្ហបុរី ដែល​ពីមុន​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ម៉ាឡេស៊ី៕

ប្រភព៖ Straitstimes ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;