ចិន ប្រតិកម្ម​នឹង​សុន្ទរកថា​របស់​ប្រមុខ​ការទូត​អាមេរិក ដែល​ថា​ចិន​ជា​តួអង្គ​អាក្រក់

  • 2018-12-06 04:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ក្រសួង​ការបរទេស​ចិន​បាន​ចាត់ទុក​ការអះអាង​របស់​អាមេរិក​ដែល​ថា អាមេរិក​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់​ពិភពលោក​បែប​ប្រជាធិបតី​ថ្មី​មួយ​ដោយ​គ្មាន​ចិន គឺ​ផ្ទុយពី​ស្មារតី​នៃ​ជំនួប​ចុងក្រោយ​រវាង​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ ដែល​បាន​ធ្វើឡើង​អំឡុង​កិច្ចប្រជុំ​ប្រទេស G20 នៅ​ប្រទេស​អាហ្សង់ទីន។

លោក Geng Shuang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​ចិន​ដូច្នេះ គឺ​ក្រោយ​លោក Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ២០១៨ បាន​សន្យា​រៀបចំ​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ​ដែល​អាមេរិក​នឹង​ពង្រឹង​កិច្ចព្រមព្រៀង​នានា ដើម្បី​បញ្ឈប់​តួអង្គ​អាក្រក់ ដូចជា​រុស្ស៊ី ចិន និង​អ៊ីរ៉ង់ ពី​ការ​ទទួល​បាន​ប្រយោជន៍។

លោក Geng Shuang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់ថា ចិន​គឺជា​អ្នក​កសាង​សន្ដិភាព​ពិភពលោក អ្នកចូលរួម​ដើម្បី​ការអភិវឌ្ឍ​សាកល និង​ជា​អ្នក​ការពារ​សណ្ដាប់ធ្នាប់​អន្តរជាតិ។ លោក​បន្ដ​ថា ចិន​តែងតែ​ការពារ​យ៉ាង​ខ្លាំង​នូវ​ពហុភាព​និយម និង​ការពារ​សណ្ដាប់ធ្នាប់​អន្តរជាតិ ក៏ដូចជា​ប្រព័ន្ធ​ពហុភាគី។

ក្រៅពី​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ប្រទេស​ចិន និង​អាមេរិក​បាន​ឯកភាព​គ្នា​ពង្រីក​កិច្ចសហប្រតិបត្តិការ គ្រប់គ្រង​ភាព​ផ្ទុយ​គ្នា និង​រួមគ្នា​លើក​កម្ពស់​ទំនាក់ទំនង​នានា នៅ​ក្នុង​កិច្ចប្រជុំ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បន្ថែម។

អ្នកនាំពាក្យ​ដដែល​នេះ​សង្កត់ធ្ងន់​ថា សហគមន៍​អន្តរជាតិ​ដឹង​ពី​មធ្យោបាយ​ដែល​អាមេរិក​បាន​ធ្វើ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​បន្ថែម​ថា អាមេរិក​បាន​លើកទង់​គោលនយោបាយ "អាមេរិក​ទី​មួយ" និង​បាន​អនុវត្ត​ច្បាប់​អន្តរជាតិ​តាមបែប​ជ្រើសរើស​ជាមួយ​នឹង​ស្ដង់ដារ​ពីរ សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន៕


ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា