រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឡាវ ស្នើ​ឲ្យ​ភាគី​កម្ពុជា​ យកចិត្តទុកដាក់​លើ​បញ្ហា២

  • 2018-12-06 06:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​​ឡាវ បាន​ស្នើ​សុំ​ភាគី​កម្ពុជា ជាពិសេស​វិស័យ​ឯកជន បន្ត​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ​និង​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ឡាវ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​និង​បណ្តាញ​អគ្គិសនី​ថែមទៀត ជាពិសេស​តំបន់​នៅ​ជាប់​ព្រំដែន​ផ្លូវ​គោក ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

វេទិកា​ធុរកិច្ច​ឡាវ-កម្ពុជា ដែលភាគីឡាវ ដឹកនាំដោយ លោកស្រី ខែមម៉ានី ភូលសេនា (Khemmani Pholsena) រដ្ឋ​មន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​​ប្រទេស​ឡាវ​ និងភាគីកម្ពុជា ដឹកនាំដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មកម្ពុជា (រូបថត៖ ក្រសួងពាណិជ្ជកម្ម)
សំណើ​របស់​រដ្ឋ​មន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​​ប្រទេស​ឡាវ​ លោកស្រី ខែមម៉ានី ភូលសេនា (Khemmani Pholsena) ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​ធុរកិច្ច​ឡាវ-កម្ពុជា ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា នៅ​រាជធានី​វៀង​ចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨។

សូម​ជម្រាប​ថា វេទិកា​ធុរកិច្ច​ឡាវ-កម្ពុជា គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ រយៈ​ពេល​ពីរ​ថ្ងៃ របស់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​លើ​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​វិស័យ​ដទៃ​ទៀត ដែល​ភាគី​ទាំងពីរ​ធ្លាប់​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា នា​ពេល​កន្លង​មក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;