ក្រសួង​ បំភ្លឺ​ករណី​បាតុភូត​វត្តមាន​សត្វម្យ៉ាង ក្នុងតំបន់​ព្រៃកោងកាង

  • 2018-12-06 07:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​បាន​ឲ្យដឹង​ថា សត្វ​ដែល​ត្រូវ​បាន​ឃើញ​ក្នុង​វីដេអូ​បង្ហោះ​ដោយ​ក្រសួង​នា​ពេល​កន្លង​ទៅ​ ត្រូវ​បាន​អ្នកស្រុក​កោះកុង​ហៅថា​សត្វ “ព្រៀង” ចំណែក​អ្នក​ស្រុក​កំពត​ហៅ​ថា សត្វ “ទំពុន”។ នេះ​​បើ​យោង​តាម​ការ​សិក្សា និង​ការ​ចុះ​ទៅ​សាក​សួរ​​ព័ត៌មាន​បន្ថែម​របស់​ក្រុម​ការងារ​នាយកដ្ឋាន​ជីវៈ​ចម្រុះ​ ពី​ប្រជា​នេសាទ និង​មន្ត្រី​ឧទ្យានុរក្ស​នៅ​ខេត្ត​កោះកុង និង​ខេត្ត​កំពត។

រូបទី១
ក្រសួង​បន្ត​ថា សត្វ​នេះ ឃើញ​មាន​វត្តមាន ​នៅ​ក្នុង​តំបន់​ពាមសមុទ្រ ​មាត់​សមុទ្រ និង​ព្រៃ​កោងកាង ម្តុំ​កោះ​​កាពិ កោះ​មូល កោះកុង ពាម​ក្រសោប​ ក្នុង​ខេត្ត​កោះកុង និង​តំបន់​ទឹក​ភ្លាវ​ ដែល​មាន​ដុះ​ព្រៃ​កោងកាង ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពត។
រូបទី២

ប្រជាជន​នៅ​តំបន់​នោះ​ បាន​បញ្ជាក់​ថា​ សត្វ “ព្រៀង” ឬ “ទំពុន” គឺ​ជា​សត្វ​ពេញវ័យ​របស់​ដង្កូវ ឬ ព្រូន ដូចមាន​ក្នុង រូប​ទី​១ និង​ទី២​ ដែល​មាន​សប្បុរស រស់នៅ​ក្នុង​សាច់​ឈើ​នៃ​ដើម​កោងកាង ហើយ​នៅ​ពេល​​​ពេញវ័យ វា​មាន​រូបរាង​ដូច​សត្វ​ពស់ និង​មាន​ប្រវែង​រហូត​ដល់​ជិត ៦០ស.ម (រូបទី៣) ដូចគ្នា​ទៅ​នឹង​ហ្វូង​សត្វ​ក្នុង​វីដេអូ YouTube​ ។ សត្វ “ព្រៀង” ឬ “ទំពុន” គឺ​ជា​ពពួក​សិប្បិសត្វ (Mollusca)​។

រូបទី៣

នៅ​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​សត្វ​នេះ​ពេញ​វ័យ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ចន្លោះ​ខែ​កញ្ញា និង​តុលា និង​បាន​ហែល​ចេញ​ពី​ព្រៃ​កោងកាង​ ក្នុង​ខណៈ​ទឹក​នាច សំដៅ​ទៅ​រក​ទឹក​សមុទ្រ ជា​រៀង​រាល់​ឆ្នាំ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយសារ​ទឹកជោរ​ឡើងខ្លាំង​បណ្តាល​ ឲ្យ​លិច​ព្រៃកោង​កាង​ច្រើន​​​ជាង​ឆ្នាំ​កន្លង​ទៅ ទើប​គេ​សង្កេត​ឃើញ​វត្តមាន​សត្វ “ព្រៀង” ឬ “ទំពុន” ហែល​ចេញ​ទៅ​សមុទ្រ​យ៉ាង​ច្រើន​កុះករ។

ប្រជា​នេសាទ និង​មន្រ្តី​ឧទ្យានុរក្ស​ ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​អាច​យក សត្វ “ព្រៀង” ឬ “ទំពុន” ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ជា​ដង្កូវ មក​ធ្វើ​ជា​អាហារ ហើយ​ព័ត៌មាន​នេះ​ដូចគ្នា​ទៅ​នឹង​ព័ត៌មាន នៅ​ក្នុង​គេហទំព័រ Insiderdesert ដែល​ថា ប្រជាជន​រស់​នៅ​ខេត្ត​ប៉ាឡាវាន់ នៃ​ប្រទេស​ហ្វីលីពីន ក៏​បាន​ប្រមូល​សត្វ ​“ព្រៀង” ឬ “ទំពុន” មក​ធ្វើ​ជា​ចំណី​អាហារ​ដែរ​។

តាម​ការ​បញ្ជាក់​របស់​ប្រជា​នេសាទ​ថា សត្វ “ព្រៀង” ឬ “ទំពុន” នេះ មិនបាន​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​មនុស្ស​ឡើយ។​ ផ្ទុយ​ទៅវិញ ​វា​ជា​ចំណី​របស់​ពួក​មច្ឆា​សមុទ្រ នៅ​ពេល​វា​ពេញ​វ័យ​ និង​បាន​ហែល​ទៅ​ដល់​សមុទ្រ​ ហើយ​ក៏​ជា​ចំណី​របស់​មនុស្ស​​នៅ​ពេល​វា​ជា​ដង្កូវ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ទាំងនេះ​ គ្រាន់តែ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រជា​នេសាទ​ប៉ុណ្ណោះ ពុំ​ទាន់​មានការ​សិក្សា​ច្បាស់លាស់​ជា​លក្ខណៈ​វិទ្យាសាស្រ្ត​នៅ​ឡើយ ដោយសារតែ​នាយកដ្ឋាន​ជីវៈ​ចម្រុះ​ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ពុំអាច​ប្រមូល​សំណាក​សត្វ “ព្រៀង” ឬ “ទំពុន” មក​ធ្វើការ​កំណត់​អត្តសញ្ញាណ​បាន ព្រោះ​សត្វនេះ​បាន​អស់​វត្តមាន​ ចាប់ពី​ដើម​ខែ​វិច្ឆិកា​ មក​ម្ល៉េះ​​។ នាយកដ្ឋាន​ជីវៈ​ចម្រុះ នឹង​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ ឲ្យ​បាន​ច្បាស់លាស់​នៅ​ឆ្នាំ​ក្រោយ ប្រសិនបើ​មាន​ព្រឹត្តិការណ៍​បែប​នេះ​កើត​ឡើង​ម្តង​ទៀត​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;