ម៉ាឡេស៊ី ផ្ញើ​កំណត់ទូត​ចំនួន២ ទៅ​សិង្ហបុរី ជុំវិញ​បញ្ហា​ដែន​ទឹក និង​អាកាស

  • 2018-12-06 07:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១៨​ថា ម៉ាឡេស៊ី​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ចំនួន ២​ច្បាប់​ទៅ​ប្រទេស​សិង្ហបុរី ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ទឹក និង​អាកាស ដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈម​មុខ​គ្នា។

ស្ពានឆ្លងពីរដ្ឋ Johor របស់​ម៉ាឡេស៊ី​ទៅកាន់​សិង្ហបុរី/ រូបភាព៖ AFP

កំណត់​ទូត​ទី១ គឺ​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រព័ន្ធ​ឧបករណ៍​ចុះចត (ILS) នៅ​អាកាសយានដ្ឋាន Seletar កាលពី​ថ្ងៃ​ទី១ ខែ​ធ្នូ កន្លង​ទៅ។ ក្រសួង​ការបរទេស​ម៉ាឡេស៊ី​ប្រកាស​ថា ក្រសួង​ប្រឆាំង​យ៉ាងខ្លាំង​នឹង​ការ​ដំឡើង​ប្រព័ន្ធ​នេះ​របស់​អាកាសចរណ៍​ស៊ីវិល​សិង្ហបុរី ដោយ​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី។

ប្រព័ន្ធ​ឧបករណ៍​ចុះចត (ILS) គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​បង្ហាញ​ដល់​ពីឡុត​សម្រាប់​ធ្វើការ​ចុះចត នៅ​ពេល​ពីឡុត​មិន​អាច​ធ្វើការ​ទាក់ទង​តាម​រូបភាព​បាន។

ក្រសួង​ការបរទេស​ម៉ាឡេស៊ី​បញ្ជាក់​ទៀត​ថា "សកម្មភាព​ឯកតោ​ភាគី​របស់​រដ្ឋាភិបាល​សិង្ហបុរី​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ម៉ាឡេស៊ី និង​ជា​ការ​ឈ្លានពាន​លើ​លំហរ​អាកាស​ស្របច្បាប់​របស់​ម៉ាឡេស៊ី ស្ថិត​លើ​ទឹកដី​របស់​ម៉ាឡេស៊ី"។

ចំណែក​កំណត់ទូត​ទី២ គឺ​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ព្រំដែន​ទឹក​រវាង​ម៉ាឡេស៊ី និង​សិង្ហបុរី រួមមាន​ការ​កំណត់​លើ​កំពង់ផែ​ថ្មី Johore Bahru និង​ហេតុការណ៍​ថ្មីៗ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​សិង្ហបុរី ដែល​ថា​ការ​ពង្រីក​កំពង់ផែ Johor Bahru បាន​ឈាន​ដល់​ការ​ទន្រ្ទាន​ចូល​ក្នុង​ដែន​ទឹក​របស់​សិង្ហបុរី ឬ​រំលោភ​លើ​អធិបតេយ្យភាព​របស់​សិង្ហបុរី ឬ​ច្បាប់​អន្តរជាតិ។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា ទំហំ​កំពង់ផែ​ថ្មី Johore Bahru គឺ​ស្ថិត​នៅ​ក្នុង​ដែន​សមុទ្រ​របស់​ម៉ាឡេស៊ី៕


ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា