កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ប្រជុំ​សភា​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ខែ​មករា ខាង​មុខ

  • 2018-12-06 08:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភាកម្ពុជា​នឹងរៀបចំ​ធ្វើ​ជាម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំលើក​ទី២៧ នៃ​វេទិកា​សភា​តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅ​ខេត្តសៀមរាប នា​ខែមករា ខាង​មុខនេះ ដោយ​ផ្តោតលើ​ប្រធានបទ “ពង្រឹងភាព​ជាដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព”។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា​បានថ្លែងក្នុង​កិច្ចប្រជុំពិភាក្សា​ស្តីពី​ការ​រៀបចំ និង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើកទី២៧ នៃ​វេទិកាសភា​តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០១៨ថា មកដល់​ពេលនេះ ក្រុមការងារ​ដែល​ទទួល​ខុសត្រូវ​តាម​ផ្នែក​បាន​រៀបចំ​កិច្ចការ​របស់​ខ្លួនរួច​អស់ហើយ ។ កិច្ចប្រជុំ​នឹង​មាន​ប្រទេស​ចូលរួម១៧ ហើយ​ប្រទេស៩ បាន​បញ្ជាក់​ពី​បេក្ខភាពចូលរួម ដែល​មាន​ប្រតិភូ​សមាសភាព ៩០រូប និង​ប្រទេស ៨ទៀត កំពុង​រៀបចំ​បញ្ជូន​សមាសភាព​មកសភា​កម្ពុជា ។

ជាមួយគ្នា​នោះ លោក ឡេង ប៉េងឡុង បានឲ្យដឹងទៀតថា ប្រទេស​ដែល​ធ្វើ​ជាម្ចាស់ផ្ទះ នៃ​វេទិកាសភា​តំបន់អាស៊ី បន្ទាប់​ពី​កម្ពុជា គឺ​ប្រទេសអូស្ត្រាលី។

សូមជម្រាបថា វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក មាន​ឈ្មោះជា​ភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បាន​បង្កើតឡើង​នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន ឆ្នាំ១៩៩៣។ សភាកម្ពុជា​បានចូល​ជាសមាជិក​ពេញសិទ្ធិ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញសិទ្ធិ​ចំនួន ២៧ប្រទេស។

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើកទី២៧ នៃ​វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក ដែល​កម្ពុជា​ធ្វើម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​ពីថ្ងៃទី១៤-១៧ មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារសុខា សៀមរាប៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;