ប្រកួតនៅ ONE Championship លើកនេះ ចាន់ រតនា សង្ឃឹមច្រើនជាងប្រកួតមុនៗ

  • 2018-12-07 00:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

កីឡាករគុនខ្មែរ ចាន់ រតនា បាន​បង្ហាញជំនឿចិត្ត​ខ្ពស់ នៅមុនការ​ប្រកួត​ទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes នៅ​កម្មវិធី ONE: DESTINY OF CHAMPIONS របស់​ស្ថាប័ន ONE Championship នាទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នេះ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ [ខ្លីៗ] នៅ​ម៉ាឡេស៊ី ចាន់ រតនា បាននិយាយថា៖ "ប្រកួតលើកនេះ ខ្ញុំសង្ឃឹមច្រើនជាង​ពេល​ជួប​គូប្រកួត​មុនៗ ដោយសារ​តែ​​ខ្ញុំ​បានហ្វឹកហាត់ត្រៀមគ្រប់គ្រាន់​ តាំងពី ONE បានជូនដំណឹងពីការប្រកួត កាលពីខែមុន​មក​ម្ល៉េះ"។

ការ​លើក​ឡើង​បែបនេះ គឺដោយសារ​ការប្រកួត​រវាង រតនា និង Fernandes គឺដំបូង​ឡើយ គ្រោង​ធ្វើ​ឡើង​នៅ​សិង្ហបុរី​ កាលពី​ដើមខែវិច្ឆិកា ប៉ុន្តែ​ក្រោយ​មក​ក៏ត្រូវ​លុប​ចោល​វិញ ដោយសារ Fernandes មាន​បញ្ហា​សុខភាព។ ទោះលុបចោលមែន ប៉ុន្តែ​រតនាបញ្ជាក់ថា ខ្លួន​បាន​ព្យាយាម​ហ្វឹកហាត់​មិន​ឈប់ឈរ​ តាំង​ពី​ពេល​នោះ​រហូត​មក។

ក្រៅ​ពីការ​ហ្វឹកហាត់​បាន​ខ្លាំង ទម្ងន់ ក៏ជា​កត្តា​ជម្រុញចិត្ត​រតនា ឲ្យមានជំនឿចិត្តខ្ពស់ផងដែរ។ ត្រង់ចំណុចនេះ រតនាបញ្ជាក់ថា ការផ្លាស់ប្ដូរ​មកវាយក្នុងប្រភេទទម្ងន់ Fly Weight (៦០,៧គីឡូក្រាម) ធ្វើឲ្យខ្លួន អាច​ហ្វឹកហាត់​ដើម្បី​សម្រក អាច​រក្សា​ទម្ងន់បានល្អ និង​អាច​​ប៉ះគូប្រកួត​មានកម្លាំង ឬកម្ពស់ ប្រហាក់​ប្រហែល​ខ្លួន មិន​ធំជាង ឬខ្ពស់ជាងពេក ដូចការវាយក្នុងប្រភេទទម្ងន់ Batamweight (៦៥,៨គីឡូក្រាម) នាពេល​កន្លង​មកនោះទេ។

ចាន់ រតនា ក្រោយ​ផ្ដល់​បទសម្ភាសន៍ជាមួយ [ខ្លីៗ]

ចំពោះ​បញ្ហា​ការ​ខកខាន​ឡើង​ប្រកួត​ MMA យូរ រតនា ថាអាច​ប៉ះពាល់​ខ្លះដែរ ប៉ុន្តែ​មិន​ខ្លាំងក្លា​នោះទេ ដោយសារ​ក្រៅពី​ហ្វឹកហាត់​ជាប្រចាំ ខ្លួន​ក៏​បាន​ប្រកួត​គុនខ្មែរ​នៅតាម​សង្វៀន​ក្នុង​ស្រុក​ជា​រឿយៗផងដែរ។

យ៉ាងណាក្ដី រតនា បាន​បញ្ជាក់ថា​ខ្លួនមិន​មើលស្រាល​ដៃគូប្រកួតនោះទេ ដោយសារ​តែ​កីឡាករ​រូបនោះ គឺជា​ម្ចាស់​ខ្សែក្រវាត់ MMA នៅឥណ្ឌូណេស៊ី ហើយ​ក៏ជា​កីឡាករ​ដែល​មិន​ធ្លាប់​​ចាញ់ផង​ដែរ ពោលគឺ​ឈ្នះទាំង ៧ប្រកួត។

សម្រាប់​យុទ្ធសាស្រ្ដ​នៃ​ការ​ប្រកួតនេះ​វិញ រតនា នឹង​ព្យាយាម​វាយ​ផ្នែក​ខាង​លើ​ឲ្យបានច្រើន និង​ព្យាយាម​ស្ទាបស្ទង់កម្លាំងដៃគូជាមុន​សិន​នៅ​ដើមទឹក​ទី១ មុន​វ៉ៃ​ផ្ដាច់តែម្ដង ​នៅ​ពេល​ដឹង​ពីកម្លាំង​​ដៃគូ ឬនៅពេលមានឱកាស​ល្អ។

គួររំលឹកថា រតនា ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ក្បាច់គុន​ចម្រុះ MMA ៧ដង (ឈ្នះ៤ ចាញ់៣) ក្នុងនោះ ៦ដង​ជាការ​ប្រកួត​នៅ​ស្ថាប័ន ONE Championship។ កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ ខកខាន​ប្រកួត​ជាង​មួយឆ្នាំ​កន្លះ​ទៅហើយ គឺ​តាំងពីខែមេសា ឆ្នាំ២០១៧ មក។ ចំណែក​ដៃគូ​របស់​ប្រកួត​របស់​រតនា វិញ ធ្លាប់ប្រកួត ៧ដង​ដែរ (ឈ្នះ​ទាំង​ ៧ដង) ប៉ុន្តែ​មិន​ធ្លាប់​វាយ​នៅ ONE នោះទេ។

ការប្រកួត​ នឹង​ចាប់ផ្ដើម​ពីម៉ោង ៥កន្លះល្ងាចតទៅ (ម៉ោង​នៅ​កម្ពុជា) ដោយ​រតនា ប្រកួតគូទី២។ ក្រៅពីរតនា ក៏មានកីឡា​ការិនី​ខ្មែរ-អាមេរិកាំង​ផងដែរ គឺ ឯម សុវណ្ណា ប៉ះ​កីឡាការិនីអ៊ុយក្រែន IRYNA KYSELOVA (គូទី១)៕

សូមចុចអានអត្ថបទទាក់ទង ដូចខាងក្រោម៖


អត្ថបទ៖ សុខ សុវត្ថិ