កម្ពុជា​ ឥណ្ឌូណេស៊ី​​​ ព្រមព្រៀង​គ្នា​វិនិយោគ​​លើ​វិស័យ​​អ្វីខ្លះ​​ ក្នុង​ជំនួប​ប្រមុខ​ការទូត​?

  • 2018-12-06 09:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ក្រសួងការបរទេស​កម្ពុជា តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ក្នុង​កិច្ច​គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​៤​ធ្នូ រវាង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោក​ស្រី អ្នក​ទាំង​ពីរបាន​ឯកភាពគ្នា​ឱ្យមាន​ការពិភាក្សា​ពី​លទ្ធភាព​ក្នុង​ការធ្វើ​វិសោធនកម្ម​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៩៣ ដើម្បី​រួម​បញ្ជូល​ការវិវត្ត​ថ្មីៗ​នៃ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ទាំងពីរ​។​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជួបជាមួយលោកស្រី Retno Marsudi នៅឥណ្ឌូណេស៊ី (រូបថត៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ក៏​បានឱ្យដឹង​ផងដែរ​ថា កិច្ចប្រជុំ​នោះ​ក៏បាន​ឯកភាព​លើកទឹកចិត្ត​ការវិនិយោគ​លើ​ឧស្សាហកម្ម​ថ្នាំពេទ្យ ស៊ីម៉ងត៍ ជីគីមី កៅស៊ូ អាហារ​កែឆ្នៃ​ និង​ឧស្សាហកម្ម​រថយន្ត​។ រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ស្វាគមន៍​ការកើនឡើង​ការវិនិយោគ​របស់​ឥណ្ឌណេស៊ី​នៅ​កម្ពុជា​ផងដែរ​។ ដោយ​កត់សម្គាល់ឃើញ​ភាព​វិជ្ជមាន​នេះ ភាគី​ឥណ្ឌណេ​ស៊ី ឯកភាព​បន្ត​លើកទឹកចិត្ត​អ្នកវិនិយោគ មក​វិនិយោគ​នៅ​កម្ពុជា បន្ថែមទៀត​។ កិច្ចប្រជុំ ​ក៏បាន​ឯកភាព​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែមទៀត​លើ​ផលិតផល​កសិកម្ម និង​ពន្លឿន​កិច្ចពិភាក្សា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិកា​រលើ​វិស័យ​កសិកម្ម​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ក៏បាន​បញ្ជាក់ថា កិច្ចប្រជុំ​បាន​ជំរុញឱ្យមាន​ការបង្កើន​ការតភ្ជាប់​ផ្លូវអាកាស និង​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​អាកាសចរណ៍​ឱ្យធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី​។ ជាមួយគ្នា​នោះ​ ភាគី​ទាំង​ពីរ បាន​លើកទឹកចិត្ត​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ពិនិត្យឡើងវិញ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៩៩ និង​បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ជម្រុញ​ទិដ្ឋភាព​វប្បធម៌​រវាង​កម្ពុជា និង​ឥណ្ឌូណេ​ស៊ី ហើយក៏​បាន​លើកទឹកចិត្ត​ឱ្យមាន​ការបន្ត​សុពលភាព​អនុស្សរណៈ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌ ដែល​នឹង​ត្រូវអស់​សុពលភាព​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕


ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.