កាសែត​ខេមបូឌា​ដេលី ​ប្រកាស​មិន​វិល​មក​បើក​កាសែត​នៅ​ស្រុក​ខ្មែរ​វិញ​ទេ

  • 2018-12-07 01:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ប្រកាស​មិន​វិល​មក​​បើក​កាសែត​នៅ​ស្រុក​ខ្មែរ​វិញ​ទេ ដោយ​អ្នកស្រី​លើកឡើង​ថា ព្រោះ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដដែលៗ និង​អំពើ​ពុករលួយ។

កាសែត ឌឹ ខេមបូឌា ដេលី
អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) ប្រាប់​តាម​សារ​អេឡិចត្រូនិក កាលពី​​ថ្ងៃ​ទី​៦ ខែ​ធ្នូ​នេះ​ថា អ្នកស្រី​សុខចិត្ត​បន្ត​ដំណើរការ​កាសែត​អ្នកស្រី នៅ​ក្រៅ​ប្រទេស​កម្ពុជា ដោយ​បន្ត​ផ្សាយ​ព័ត៌មាន ដោយ​មិន​យក​ប្រាក់​កម្រៃ តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល បញ្ជាក់​ថា គោលជំហរ​របស់​កាសែត​អ្នកស្រី​គឺ​នៅ​ដដែល គឺ​នៅតែ​បន្ត​ផ្ដល់​ព័ត៌មាន​ក្ដៅ ដោយ​គ្មាន​ភ័យខ្លាច និង​ដោយ​ឥត​លម្អៀង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ដែល​បាន​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នេះ អាច​មាន​សេរីភាព​បើក​ការិយាល័យ​ខ្លួន នៅ​កម្ពុជា​ឡើងវិញ​បាន។ បន្ថែម​លើ​ស្ថាប័ន​វិទ្យុ​ទាំងពីរ​នេះ រាជរដ្ឋាភិបាល​បាន​អះអាង​ថា នឹង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស និង​ខ្មែរ ឌឹ ខេមបូឌា ដេលី អាច​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​​​​​ខ្លួន​ឡើងវិញ​បាន​​ដែរ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ ដែល​ដោះស្រាយ​បំណុល​ពន្ធដារ រួចរាល់​សិន​ប៉ុណ្ណោះ។

កាសែត ឌឹ ខេមបូឌា ដេលី ត្រូវ​​បិទ​ការិយាល័យ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​សារ​ជំពាក់​ពន្ធ​រដ្ឋ​រយៈ​ពេល ១០​ឆ្នាំ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៦​លាន ៣​សែន​ដុល្លារ។ ក្នុង​នោះ​ជិត ៣​លាន​ដុល្លារ គឺជា​ថ្លៃ​ការប្រាក់ ដែល​អាជ្ញាធរ​ពន្ធ​កម្ពុជា ថា​កាសែត​នេះ​ជំពាក់​រដ្ឋ ក្នុង​រយៈពេល ១០​ឆ្នាំ។

អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល បន្ត​ថា សព្វថ្ងៃ​នេះ កាសែត​អ្នកស្រី​ផ្សាយ​តាម​ហ្វេស​ប៊ុក ​(Facebook) និង​តាម​គេហទំព័រ www.cambodiadaily.com ដែល​អ្នកតាមដានព័ត៌មានអាច​បើក​មើល​បាន​​៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;