សម្ដេច ហ៊ុន សែន លើកឡើង​សក្ដានុពល​កម្ពុជា ៦​ចំណុច ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម-កម្ពុជា

  • 2018-12-07 02:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅល្ងាច​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ បន្ទាប់ពី​បាន​ទៅ​ដល់​ប្រទេស​វៀតណាម សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម-កម្ពុជា ដែលធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេសវៀតណាម។ ក្នុង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកនាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួនហ្វុក និង​ពាណិជ្ជករ អ្នកធុរកិច្ច​វៀតណាម​ជាច្រើន រួមជាមួយ​នឹង​សភាពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម​ជាច្រើន​រូប​ផងដែរ។

សម្ដេច ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច វៀតណាម-កម្ពុជា នៅ​ក្រុង​ហាណូយ/ រូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន
ក្នុង​នោះ សម្តេច​នាយករដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​ធុរជន និង​អ្នកវិនិយោគ​ទាំង​អស់​អំពី​សក្ដានុពលវិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា ដូចតទៅ៖

ទី១៖ ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច។

ទី២៖ កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​ជាយុទ្ធសាស្ត្រ​ក្នុង​តំបន់អាស៊ាន ដែល​តំបន់​នេះបាន​និង​កំពុង​ក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀត​កម្ពុជាក៏ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ ដែលជា​តំបន់​មាន​កំណើន​សេដ្ឋកិច្ច និង​ការ​តភ្ជាប់ខ្ពស់​ជាងគេ។

ទី៣៖ កម្លាំង​ពលកម្ម​ដែល​មាន​ភាពសម្បូរបែប និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែល​មាន​អាយុត្រឹម ៣៥ឆ្នាំចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង​នៃ​ចំនួនប្រជាជន​ដែល​មាន​ចំណូលមធ្យម និង​ជាវណ្ណៈកណ្តាល​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​កម្ពុជា។

ទី៤៖ កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេសនោះទេ។

ទី៥៖ ទំនិញ​ផលិត​នៅកម្ពុជា មិនមែន​ផ្គត់ផ្គង់​សម្រាប់​តែទីផ្សារ​នៅ​កម្ពុជាដែល​មាន​ប្រជាជន​ប្រមាណ​តែជាង ១៥លាន​នាក់​ប៉ុណ្ណោះនោះ​ទេ ប៉ុន្តែ​អាចផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់មេគង្គ​ដែលមាន​អតិថិជនប្រមាណ ២៥០​លាននាក់ ទីផ្សារអាស៊ាន​ដែល​មាន​អតិថិជន​ប្រមាណ ៦៣០លាននាក់ និង​ទីផ្សារ​នៅ​ក្នុងតំបន់នៃ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ដែល​មាន​អតិថិជន​ប្រមាណ ៣​ប៊ីលាន​នាក់ ព្រមទាំង​លទ្ធភាព​ចូលទីផ្សារ​ធំដទៃទៀត​ក្នុង​ពិភពលោក។

ទី៦៖ កម្ពុជា និង​វៀតណាម​បានចុះកិច្ចព្រមព្រៀង​ស្តីពី​ការ​ចៀសវាង​ការយក​ពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការកិបកេង​បន្លំ​ពាក់ព័ន្ធ និង​ពន្ធលើប្រាក់ចំណូល នៅ​ថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុង​ហាណូយ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;