គ្រូកូរ៉េ ជួយ​ឲ្យ​វៀតណាម ឡើង​ទៅ​កាន់​វគ្គផ្តាច់ព្រ័ត្រ Suzuki Cup សា​ជាថ្មី​ក្នុង​រយៈ​ពេល​១០​ឆ្នាំ

  • 2018-12-07 03:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានជួយឲ្យកូនក្រុមរបស់លោក បានឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពីយកឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផលពីរជើង ៤-២ (ជើងទី១៖ ២-១) នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។

ជ័យជម្នះនេះ មានន័យថា វៀតណាម បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup សាជាថ្មី បន្ទាប់ពីខកខានក្នុងការឡើងដល់វគ្គនេះ ចាប់តាំងពីឆ្នាំ២០០៨មក ដែល​ជា​ឆ្នាំ​វៀតណាម គ្រងជើងឯកពានរង្វាន់នេះផងដែរ។

ការប្រកួតរវាងក្រុមវៀតណាម និង ហ្វីលីពីន នៅជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018

ថ្លែងក្រោយចប់ការប្រកួត​ជើងទី២ កាលពីយប់មិញ លោកគ្រូបង្វឹក Park Hang-seo បាននិយាយថា លោកចង់អរគុណដល់អ្នកគាំទ្រវៀតណាម និងកូនក្រុមរបស់លោក ដែលបានដើរតួយ៉ាងសំខាន់ក្នុងការប្រកួត​កាលពីម្សិលមិញ។

សូមជម្រាបថា ជោគជ័យធំបំផុតរបស់លោក Park គឺ​ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំវៀតណាម ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC U23 Championship 2018 ដែលគ្រានោះ វៀតណាម បាន​ត្រឹមជើងឯករង ដោយសារបរាជ័យក្រោមថ្វីជើង​ក្រុម U23 អ៊ូបេគីស្ថាន នៅ​ក្នុងការប្រកួតដែលរៀបចំដោយម្ចាស់ផ្ទះចិន។

លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

វៀតណាម នឹងឡើងទៅប៉ះក្រុមម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ AFF Suzuku Cup 2018 នៅជើងទីមួយ​ថ្ងៃទី​១១ ខែធ្នូ នា​ទឹកដីម៉ាឡេស៊ី និងនៅជើងទីពីរ ថ្ងៃទី១៥ ខែធ្នូ នាទឹកដីវៀតណាម៕

Highlight វៀតណាម ប៉ះ ហ្វីលីពីន

រូប៖ AFF Suzuki Cup 2018


អត្ថបទ៖ លាភ.