អ្នក​ទោស​វៀតណាម ស្នើ​សុំ​ផ្ទេរ ពី​ពន្ធនាគារ​នៅថៃ មក​ជាប់​ពន្ធនាគារ​នៅ​ខ្មែរ​ វិញ

  • 2018-12-07 07:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​សេចក្តី​រាយការណ៍ ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ អ្នកទោស​​ជា​ជនជាតិ​វៀតណាម​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ បាន​ស្នើ​សុំ​ផ្ទេរ មក​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​វិញ ខណៈ​បច្ចុប្បន្ន​អ្នក​ទោស​ជនជាតិ​ខ្មែរ ចំនួន ២៩១០​នាក់ (ស្រ្តី​ចំនួន ២៦៩​នាក់ បុរស​ចំនួន ២៦៤១នាក់) កំពុង​ជាប់​ពន្ធនាគារ​នៅ​ថៃ​។

សេចក្ដី​ជូន​ដំណឹង​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨​បាន​ឲ្យដឹង​ថា ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​ចុះ​សួរ​សុខ​ទុក្ខ​ទណ្ឌិត តាម​មន្ទីរ​ឃុំឃាំង​ជា​រៀង​រហូត។ ចំពោះ​បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង ស្តី​ពី ការ​ផ្លាស់ប្តូរ​អ្នកទោស រវាង​កម្ពុជា និង​ថៃ ដែល​មាន​ដូចជា៖

ទី១-បទល្មើស ដែល​អាច​ផ្ទេរ​អ្នកទោស បាន​លុះត្រា​បទ​ល្មើស​នោះ ត្រូវ​ជាប់​ពន្ធនាគារ​ចាប់ពី​មួយ​ឆ្នាំ​ទ្បើង​ទៅ។

ទី​២- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រា​តែ​ទណ្ឌិត​នោះ ត្រូវ​ជាប់​ទោស​ ២/៣ នៃ​ទោស​រួម និង

ទី៣- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រាតែ​សាម៉ី​ខ្លួន​ស្នើ​សុំ​ជា​លាយលក្ខណ៍​អក្សរ ។

សេចក្ដី​ជូនដំណឹង​ឲ្យដឹង​ដូច្នេះ​ថា៖ “កន្លង​មក​មាន​អ្នកទោស​ខ្លះ ជា​ជនជាតិ​វៀតណាម ហើយ​សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា ប៉ុន្តែ​ករណី​នេះ ស្ថាន​ទូត​មិន​អាច​ដោះស្រាយ​បាន​ទេ ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នក​ទោស​នោះ​ថា គាត់​សញ្ជាតិ​អ្វី​ពិត​ប្រាកដ ព្រោះ​ស្ថានទូត​អាច​ដោះស្រាយ​បាន​លុះ​ត្រា​តែ​អ្នកទោស​នោះ​ ជា​ជនជាតិ​ខ្មែរ​”។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មាន​អ្នកទោស​ខ្លះ​សុំផ្ទេរ មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា ដោយ​ផ្ទាល់​មាត់។ លុះ​ដល់​ស្ថានទូត ឲ្យ​ធ្វើ​ពាក្យ​ស្នើ​សុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់​ថា ខ្លួន​ស្ម័គ្រចិត្ត​មក​បន្ត​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែរ​ជា​គាត់​មិនព្រម ធ្វើ​លិខិត​ស្នើ​សុំ​ទាល់​តែ​សោះ។ ស្ថាន​ទូត​ មិន​អាច​បង្ខិតបង្ខំ​ទណ្ឌិត ឲ្យ​ផ្ទេរ​មក​កម្ពុជា​បាន​ទេ បើ​សាម៉ីខ្លួន​មិន​ស្ម័គ្រចិត្ត ផ្ទេរ​មក​កម្ពុជា​៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;