រដ្ឋ​មន្ដ្រី​ពាណិជ្ជកម្ម ស្នើ​ឲ្យ​វិស័យ​ឯកជន​កម្ពុជា-វៀតណាម​វិនិយោគ​បន្ថែម

  • 2018-12-07 08:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ ប៉ាន សូរស័ក្តិ បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​កម្ពុជា-វៀតណាម បង្កើន​ការ​វិនិយោគ​ទៅវិញទៅមក ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៥ពាន់​លាន​ដុល្លារ ដែល​បាន​កំណត់​កាល​ពី​ឆ្នាំ​២០១៥ និង​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

លោក ប៉ាន សូរស័ក្តិ ចូលរួម​បិទ​វេទិកា​ធុរកិច្ច​វៀតណាម-កម្ពុជា ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម (រូប៖ ក្រសួងពាណិជ្ជកម្ម)
ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​ចូលរួម​បិទ​វេទិកា​ធុរកិច្ច​វៀតណាម-កម្ពុជា ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្រោម​គណៈ​អធិបតីភាព​ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ និង​លោក​ ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រី​វៀតណាម។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​វៀតណាម គឺ​ជា​ដៃគូ​វិនិយោគ​ធំ​បំផុត​ទី៥ របស់​កម្ពុជា។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ប្រទេស​កម្ពុជា មាន​ប្រមាណ ២០៦​គម្រោង ស្មើ​នឹង​ទឹក​ប្រាក់ ៣,០២​ ពាន់​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា វិនិយោគ​នៅ​ប្រទេស​វៀតណាម មាន​ត្រឹមតែ ១៨​គម្រោង ស្មើ​នឹង​ទឹក​ប្រាក់ ៥៨,១​លាន​ដុល្លារ​ប៉ុណ្ណោះ។

នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម (Viet Nam News) ក្នុង​ឱកាស​វេទិកា​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម កាលពី​សប្ដាហ៍​មុន​នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​រយៈ​ពេល ៧​ខែ ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម កម្ពុជា និង​វៀតណាម សម្រេច​បាន​ទឹក​ប្រាក់ ២,៧ ពាន់​លាន​ដុល្លារ គឺ​បាន​កើន​ឡើង ១៨,៧% ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០១៧​។ ទន្ទឹម​គ្នា​នេះ​ដែរ កាលពី​ឆ្នាំ​២០១៧ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​ទំហំ​ជា​ទឹកប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង ២៩% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;