សង្គម​ស៊ីវិល​ ចង់​ឃើញ​ថវិកាជាតិ មាន​ការ​កើនឡើង​ទៅ​លើ​វិស័យ​៤

  • 2018-12-07 08:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​ចង់​ឃើញ​រាជរដ្ឋាភិបាល បង្កើន​ថវិកាជាតិ​លើ​វិស័យ​សំខាន់​ចំនួន​៤​នៅ​កម្ពុជា ក្នុង​នោះ​រួមមាន វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម​បរិស្ថាន​ធនធានធម្មជាតិ និង​ថវិកា​ថ្នាក់ក្រោម​ជាតិ​។

លោក តឹក វណ្ណា​រ៉ា​ (កណ្ដាល) នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ ការ​ស្វែងយល់​អំពី​ការ​រៀបចំ​ថវិកា​ឆ្នាំ​២០១៩ (រូបថត៖ វាយោ)
លោក តឹក វណ្ណា​រ៉ា​ លើកឡើង​បែប​នេះ នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ ការ​ស្វែងយល់​អំពី​ការ​រៀបចំ​ថវិកា​ឆ្នាំ​២០១៩ ដែល​មាន​ការចូលរួម ពី​តំណាង​នៃ​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ​យុវជន ក្រសួងមហាផ្ទៃ ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨​។

​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បន្ថែម​ថា លោក​ចង់​ឃើញ​វិស័យ​នេះ មាន​ការ​រីកចម្រើន ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ការ​ធ្វើ​កំណែ​ទម្រង់​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដែល​អាច​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។ ក្នុង​នោះ ​សេវា​ថ្នាក់ក្រោម​ជាតិ​ នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​សេវា។ មូលហេតុ​ដែល​លោក ​ចង់​ឲ្យ​វិស័យ​ទាំង​៤ ​មាន​ការ​កើនឡើង ក្រោយពី​មាន​ការសិក្សា​ស្រាវជ្រាវ ផ្អែក​ទៅលើ​ទិដ្ឋភាព​ទាំងមូល​នៃ​ថវិកាជាតិ នៅ​ឆ្នាំ​២០១៧-២០១៨​។​

​លោក តឹក វណ្ណា​រ៉ា ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃនេះ ​ការ​យល់ដឹង​របស់​ពល​រដ្ឋ ពី​ថវិកាជាតិ​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ថវិកាជាតិ នៅ​មិនទាន់​បាន​ទូលំទូលាយ​។ ​លោក​ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា​ រាជរដ្ឌាភិបាល នឹង​បើក​ទូលាយ​ជា​សារ​ធា​រណៈ ពី​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ ព្រោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រួមចំណែក​កាន់តែ​សកម្ម​ក្នុង​រៀបចំ​ថវិកាជាតិ​។​

គួរ​បញ្ជាក់​ថា បើ​តាមរយៈ​ការ​ព្យាករ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ បន្ត​សម្រេច​បាន​ក្នុង​អត្រា ៧,១% ដែល​ប្រហាក់ប្រហែល​នឹង​កំណើន​ឆ្នាំ​២០១៧។ ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៩ ផលិតផល​សរុប ថ្លៃ​បច្ចុប្បន្ន​កើន​ដល់ ១០៩ ៨៩៤ ៩៤៩ លាន​រៀល សមមូល​នឹង​ប្រមាណ ២៧២២២ លាន​ដុល្លារ​អាមេរិក ខណៈ​ផលិតផល​សរុប សម្រាប់​មនុស្ស​ម្នាក់​ ត្រូវ​បាន​រំពឹង​ថា ​កើន​ឡើង​ដល់ ១៧០៦ ដុល្លារ​អាមេរិក ធៀប​នឹង ១៥៦៣ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;