Macron ប្រកាស​វិធានការ ដើម្បី​បញ្ចប់​បាតុកម្ម​ហិង្សា​ក្នុង​ប្រទេស​បារាំង

  • 2018-12-11 01:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Emmmanuel Macron ប្រធានាធិបតី​បារាំង កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ២០១៨ បាន​ប្រកាស​វិធានការ​ហិរញ្ញវត្ថុ​នានា ដើម្បី​ស្វែងរក​ការបញ្ចប់​បាតុកកម្ម​ហិង្សា​របស់​ក្រុម "អាវ​កាក់​ពណ៌​លឿង" ដែល​បាន​ផ្ទុះ​ការតវ៉ា​ទូទាំង​ប្រទេស កាលពី​ចុង​សប្ដាហ៍​មុន។

លោក Emmmanuel Macron ប្រធានាធិបតី​បារាំង ថ្លែង​ទៅកាន់ប្រជាជាតិ​របស់​លោក ពី​វិមាន​ប្រធានាធីបតី​បារាំង/ រូបភាព៖ AFP
ក្នុង​សុន្ទរកថា ១៥​នាទី ពី​វិមានប្រធានាធិបតី​បារាំង លោក​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​ទៅកាន់​ប្រជាជាតិ​របស់​លោក​ថា "ខ្ញុំទទួលយក​ការ​ចូលរួម​នៃ​ទំនួលខុសត្រូវ​របស់​ខ្ញុំ សម្រាប់​វិបត្តិ​នេះ"។

លោក Macron ថ្លែង​ថា "ខ្ញុំដឹងថា ខ្ញុំបានធ្វើ​អ្នក​មួយ​ចំនួន​ឈឺចាប់​ជាមួយ​នឹង​សេចក្តីថ្លែងការណ៍​របស់​ខ្ញុំ"។ លោក​សង្កត់ធ្ងន់​ថា ទោះយ៉ាងណា ការ​តវ៉ា​ដោយ​អ្នក​ដែល​មាន​ចំណូល​ទាបភាគច្រើន នៅ​ក្នុង​ក្រុង និង​តំបន់​ជនបទ​តូចៗ​របស់​បារាំង គឺ​ជា​លទ្ធផល​នៃ​បញ្ហា​អស់រយៈពេល​ជា​យូរ​មក​ហើយ។ លោក​បញ្ជាក់​ថា "នេះ​ជា​ជំងឺ ៤០​ឆ្នាំ ដែល​បាន​លេចចេញ​ជា​រូបរាង​ហើយ"។

វិធានការ​ហិរញ្ញវត្ថុ​ដែល​លោក Macron បាន​ប្រកាស៖

  • លោក Macron ប្រកាស​ដំឡើង ១០០​អឺរ៉ូ (ប្រមាណ ១១៣​ដុល្លារ) លើ​បៀវត្ស​អប្បបរមា សម្រាប់​ឆ្នាំ​២០១៩ ខាង​មុខ។ បៀវត្ស​អប្បបរមា ឆ្នាំ​២០១៨ គឺ ១៤៩៨​អឺរ៉ូ ដោយ​ក្រោយ​កាត់​ពន្ធ​រួច គឺ​នៅ​ត្រឹម ១១៨៥​អឺរ៉ូ។

  • លោក Macron បញ្ជាក់​ថា លោក​គ្រោង​ដក​វិញ​នូវ​ការ​ដំឡើង​ពន្ធ​លើ​អ្នក​ចូល​និវត្តន៍ ដែល​ត្រូវ​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​របស់​លោក។

  • លោក Macron អំពាវនាវ​ឲ្យ​អ្នក​ជំនួញ​ដែល​មាន​លទ្ធភាព ផ្ដល់​បុគ្គលិក​នូវ​ប្រាក់​បន្ថែម​ចុងឆ្នាំ (ប្រាក់ខែ​ទី១៣) ដែល​នឹង​ត្រូវ​បាន​លើកលែង​ពន្ធ។

  • លោក Macron ប្រកាស​ថា លោក​នឹង​ដក​ចេញ​នូវ​ការ​យកពន្ធ​លើ​ប្រាក់​ដែល​បាន​មក​ពី​ការ​ធ្វើការងារ​លើស​ម៉ោង ដែល​វិធានការ​នេះ ត្រូវ​បាន​ដាក់ចេញ​ដោយ​អតីត​ប្រធានាធិបតី​បារាំង Nicolas Sarkozy។

សូម​បញ្ជាក់​ថា កាលពី​ចុងសប្ដាហ៍​មុន នៅ​ទូទាំង​ប្រទេស​បារាំង​មាន​អ្នក​ចេញ​ប្រមូលផ្ដុំ​តវ៉ា​ប្រមាណ ១៣៦០០០​នាក់ ក្នុង​នោះ ប៉ូលិស​បារាំង​បាន​ចាប់ខ្លួន ៤៥០០​នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;