ចាន់ រតនា​ ប្រាប់​ពី​យុទ្ធសាស្រ្ដ​យក​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី នៅ ONE Championship

  • 2018-12-11 02:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ចាន់ រតនា បាន​យកឈ្នះ​កីឡាករឥណ្ឌូណេស៊ី Abro Fernandes ក្នុង​ទឹកទី២ នៅកម្មវិធី ONE: Destiny of Champions របស់ស្ថាប័ន ONE Championship នៅទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែធ្នូកន្លងទៅ។

ចាន់ រតនា កំពុង​វាយ​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes (រូបភាព៖ ONE Championship)
តើរតនា មាន​យុទ្ធសាស្រ្ដពិសេស​អ្វី ដើម្បីបំបាក់​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ឥណ្ឌូណេស៊ី ដែល​មិន​ធ្លាប់​ចាញ់​រូបនោះ?

ថ្លែងប្រាប់ [ខ្លីៗ] នៅក្រោយ​ការ​ប្រកួត ចាន់ រតនា បាន​ឲ្យដឹងថា៖ ""​ក្នុង​ទឹក​១ ខ្ញុំ​បាន​ស្ទង់​ពី​កម្លាំង​របស់​ដៃ​គូ​ គេ​ពូកែ​ចាប់ មានទម្ងន់ដៃ​ និងកម្លាំង​ខ្លាំង​ ​ហើយ​​គាត់​ផ្លាស់​ទី​លឿន តែ​ខ្ញុំ​បាន​ហ្វឹកហាត់​ច្រើន​ជា​​មួយ​គ្រូ​ ក្នុង​ការ​ទប់​ក្បាច់​ចាប់​ក្លេ​​នេះ។ ខ្ញុំ​ដឹង​ថា​គាត់​ពូកែ​វាយ​កាត់ ដូច្នេះ​ខ្ញុំ​ត្រូវ​វាយ​កាត់​មុន"។

រតនា បន្ថែមថា ក្រោយដឹង​ថា​គូប្រកួត​អន់ជើងក្រោម និងធ្លាក់​កម្លាំង ក្នុងទឹកទី២ ទើប​​ខ្លួន​ព្យាយាម​ទាត់​ជើងក្រោម និង​ដេញវាយ​ផ្ដាច់​ក្នុង​ទឹកនោះ​តែម្ដង។

មួយដៃ​របស់​រតនា ចំមុខ​កីឡាករ​ឥណ្ឌូណេស៊ី (រូបភាព៖ ONE Championship)

នៅ​ក្នុង​ការ​ប្រកួត​នោះ Abro បាន​ព្យាយាម​ចាប់​បោក និងចាប់ក្លេ​រតនា ជាច្រើន​ដង ប៉ុន្តែ​រតនា បាន​ដោះ​រួច​ និង​បាន​វាយ​​សងវិញផងដែរ។ ឈាន​ចូលទឹកទី២ រតនា បាន​វាយ​ចូល ២ដៃ ដែល​ធ្វើ​ឲ្យ​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នោះដួល​​។ ក្រោយ​មករតនា ក៏ដេញ​វាយ​កីឡាករ​រូប​នោះ និង​បាន​ឡើង​មួយជង្គង់ មុន​បន្ថែម​ប៉ុន្មានដៃ​ទៀត រហូត​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ក្នុង​ទឹកទី២ តែម្ដង។

សូមបញ្ជាក់ថា នេះ​ជា​ជ័យជម្នះ​លើកទី៥ ក្នុង​អាជីព​ជា​កីឡាករ​ក្បាច់គុនចម្រុះ MMA របស់​ចាន់ រតនា ហើយ​ក៏ជា​ជ័យជម្នះ​លើកទី៤ ក្នុង​ទ្រុង ONE Championship ផងដែរ (ប្រកួត​ ៨ដង)។ ចំណែក Fernandes វិញ នេះ​ជា​បរាជ័យលើកដំបូង​ក្នុង​អាជីព ក្រោយឈ្នះ ៧ដងជាប់គ្នា។ ក្រោយ​ជ័យជម្នះនេះ រតនា អាច​នឹង​វិល​ចូល​ប្រកួត​គុន​ខ្មែរ​សិន មុន​រង់ចាំ​ដំណឹង​ពី ONE Championship នា​ឆ្នាំ​ក្រោយ៕

សូមទស្សនា​វីដេអូខ្លី ពីការប្រកួតនេះ ដូចខាងក្រោម៖

ចុចអាន៖ ចាន់ រតនា បញ្ចប់កំណត់ត្រា​មិនចាញ់​របស់​កីឡាករ​ឥណ្ឌូណេស៊ី

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;