ឯម សុវណ្ណារី រំភើបខ្លាំង ពេលទទួល​ការគាំទ្រ​ជាច្រើនពីកម្ពុជា

  • 2018-12-11 03:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅពី​រីករាយនឹងជ័យជម្នះ​ក្នុង​ការ​បង្ហាញខ្លួនលើកដំបូង​នៅ ONE Championship កីឡាការិនី​ក្បាច់គុនចម្រុះ​កម្ពុជា-អាមេរិកាំង ឯម សុវណ្ណារី ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើបខ្លាំង ពេល​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​ពីអ្នកគាំទ្រ​នៅ​កម្ពុជា។

សុវណ្ណារី បាន​និយាយ​ក្រោយ​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែធ្នូថា៖ "ខ្ញុំ​ពិតជារំភើប ដែល​មាន​អ្នក​គាំទ្រ​ជាច្រើន បានគាំទ្រ និងសាទរ​ជ័យជម្នះរបស់ខ្ញុំ។ មុនមកប្រកួត ខ្ញុំមិនរំពឹងថា​មានអ្នកគាំទ្រ ផ្ដល់កម្លាំងចិត្ត​ដល់​ខ្ញុំ​បែបនេះទេ...។ ខ្ញុំ​សូមអរគុណ​សម្រាប់​ក្ដី​ស្រលាញ់ និង​ការគាំទ្រ។ ខ្ញុំ​រំភើបណាស់។ ការដឹង​ថា​អ្នកគ្រប់គ្នា​រីករាយ​នឹងជ័យជម្នះរបស់ខ្ញុំ គឺធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​បំផុត។ ខ្ញុំ​សូម​អរគុណ!"

អាជ្ញាកណ្ដាល​លើកដៃ​ផ្ដល់ជ័យជម្នះ​ដល់​សុវណ្ណារី (រូបភាព៖ ONE Championship)
សុវណ្ណារី ក៏បានបញ្ជាក់ដែរថា ជ័យជម្នះ​លើ​កីឡាការិនី​អ៊ុយក្រែន Iryna Kyselova នៅ ONE: DESTINY OF CHAMPIONS គឺ​ជា​បទពិសោធន៍​ថ្មី​សម្រាប់​នាង។ នាង​បន្ថែមថា ជ័យជម្នះនេះ គឺបាន​ពីការ​ខិតខំប្រឹងប្រែង​ហ្វឹកហាត់​ជាមួយ​គ្រូបង្ហាត់។ នាង​នឹង​យក​បទពិសោធន៍​នេះ សម្រាប់​ការប្រកួត​ក្រោយៗទៀត។

សូមបញ្ជាក់ថា សុវណ្ណារី បានចំណាយ​ពេល​ត្រឹម ៨១វិនាទី​នៃ​ទឹកទី១ ប៉ុណ្ណោះ ដើម្បីផ្ដួល​គូប្រកួត​ឲ្យ​ចុះចាញ់​។ នេះ​ជា​ជ័យជម្នះ​លើក​ទី៣ ក្នុង​អាជីព​របស់​នាង ខណៈ​២ប្រកួត​កន្លងមក នាង​ក៏​បាន​យកឈ្នះ​ក្នុង​ទឹកទី១ ដែរ។ សម្រាប់ផែនការ​បន្ទាប់ នាង​មិន​ទាន់​អាច​និយាយបានទេ ដោយត្រូវ​រង់ចាំ​ការ​ទាក់ទងពី ONE Championship៕

សូមទស្សនា​វីដេអូខ្លី ពីការប្រកួត​របស់សុវណ្ណារី ដូចខាងក្រោម៖

ចុចអាន៖ កីឡាការិនីកម្ពុជា ឯម សុវណ្ណារី ផ្ដួល​​អ៊ុយក្រែន ក្នង​ទឹកទី១ នៅ ONE Championship

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;