កម្មវិធី​ថែទាំ​ផ្លូវ​លើ​ស្មាតហ្វូន​ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ​

  • 2018-12-11 08:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD CARE app) នា​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ ដោយ​អាច​ទាញ​យក​មក​ប្រើប្រាស់​តាម​ Play Store និង App Store ។ នេះ​បើ​តាម​ការ​បញ្ជាក់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង ​នា​ថ្ងៃ​ទី​១១​ធ្នូ​នេះ​។

តាម​ប្រសាសន៍​លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល បើកបរ​រថយន្ត​ធុនធ្ងន់ កាលពី​ថ្ងៃ​ទី​៣១​តុលា ឆ្នាំ​២០១៨​ ​ កម្មវិធី​ថែទាំផ្លូវ (ROAD CARE app) ត្រូវបាន​បង្កើត​ឡើង​ក្នុងគោលបំណង​ជំរុញឲ្យ​ប្រជាពលរដ្ឋចូលរួម ក្នុងការងារជួលជុលថែទាំផ្លូវ ដោយ​ប្រជាពលរដ្ឋថតផ្លូវសំបុក​មាន់ រួចបញ្ជូន​មកកាន់ក្រសួង​ដើម្បីឲ្យ ខាង​ក្រសួង​ចាត់វិធានការ ជួសជុល​ជាបន្ទាន់។

លោក​រដ្ឋមន្ត្រី​​​មានប្រសាសន៍​ទៀត​ថា App នេះ មាន​សារសំខាន់​ណាស់ នៅ​ពេល​ពលរដ្ឋ​ថត​បញ្ជូន​មក​ភ្លាម កម្មវិធី​នៅ​ក្នុង App នឹង​ដឹង​ទីតាំង​ពិត​ប្រាកដ តើ​មាន​សំបុក​មាន់​នៅ​កន្លែង​ណា? ម៉ោង​ណា​គាត់​ថត​ផ្លូវ​សំបុក​មាន់​មក​ក្រសួង? ដូច្នេះ​ក្រសួង​បាន​ព័ត៌មាន​ទាំង​នេះ រួច​បញ្ជូន​ទៅ​តាម​មន្ទីរ​សាធារណការ​ខេត្ត ក្រុង ដើម្បី​ឲ្យ​ពួកគាត់​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​ផ្ទាល់ និង​ជួសជុល​ផ្លូវ​សំបុក​មាន់​ភ្លាមៗ​។

លោក ស៊ុន ចាន់ថុល ថ្លែង​បន្ថែម​ថា នៅ​ក្នុង​ App នឹង​មាន​រូបថត​ប្រធាន​មន្ទីរសាធារណការ គ្រប់​ខេត្ត-ក្រុង ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់​មុខ។ ដូច្នេះ​ខេត្ត​ណា​មាន​សំបុក​មាន់​ប៉ុន្មាន ពលរដ្ឋ​ដឹង​ឭ​ទាំងអស់​គ្នា​តាម​រយៈ​ App នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;