ក្រសួង​អប់រំ ចាត់តាំង​គណៈ​កម្មការ​ ចុះដោះស្រាយ​បញ្ហា​ទីលាន​បាល់ទាត់​ខេត្ត​កំពង់ឆ្នាំង

  • 2018-12-12 02:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ចាត់​តាំង​គណៈ​កម្មការ ដើម្បី​ចុះ​ត្រួត​ពិនិត្យ​ដោះស្រាយ​បញ្ហា​ទីលាន​កីឡា​បាល់ទាត់​ នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង។ នេះ​បើយោង​តាម​លិខិត​ឧទ្ទេសនាម របស់​ក្រសួ​ងអប់រំ ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្រ្ដី ហង់ ជួន ណារ៉ុន នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

សកម្មភាព​ប្រកួត​នៅ​ទីលាន​បាល់ទាត់​​ នៅ​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង នាពេលកន្លងមក
ការ​បង្កើត​គណៈ​កម្មការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ឈប់​ការ​ប្រកួត​កីឡា​បាល់ទាត់ ឬ​ហ្វឹកហាត់​កីឡា​បាល់ទាត់ ឬ​លេង​បាល់ទាត់​កម្សាន្ត​ដើម្បី​សុខភាព នៅទីលាន​បាល់ទាត់​នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង ដែល​មានទីតាំង​នៅ​មុខ​សាលា​ខេត្ត ចាប់ពីខែធ្នូ​នេះ​ទៅ។ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់ថា ការ​បញ្ឈប់​នេះ គឺដើម្បី​បង្ការ និង​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​យថាហេតុ និង​ជៀសវាង​ការ​រំខាន​ដល់​អង្គភាព​ក្នុង​ការ​បំពេញ​ភារកិច្ច ដែល​មានទីតាំង​នៅជុំវិញ។ បន្ថែមលើនេះ រដ្ឋបាល​ខេត្ត​ក៏បានឲ្យដឹង​ដែរថា សាលា​ខេត្ត​នឹង​ចំណាយ​ថវិកា ជួសជុល​កែលម្អ​ទីលាន​បាល់ទាត់​នៅ​ពហុកីឡដ្ឋាន​ខេត្ត (វត្ត​ធម្មយុត្តិ)​ សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់ជំនួស​វិញ។

យ៉ាងណាក្ដី បម្រាម​នេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ជា​ពិសេស​​អ្នកស្រលាញ់​កីឡា​បាល់ទាត់​ខេត្ត​តែម្ដង។ ពួកគេ​​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​នៅ​តាម​បណ្ដាញសង្គម ដែល​ក្នុង​នោះ មានទាំង​អ្នក​រៃអង្គាស​យក​ថវិកា​ដាក់​សំណាញ់​ព័ទ្ធ​ជុំវិញទីលាន​បាល់ទាត់​នោះថែមទៀតផង។

សូមបញ្ជាក់ថា គណៈកម្មការ​ចុះ​ត្រួត​ពិនិត្យ​ដោះស្រាយ​បញ្ហា​ទីលាន​កីឡា​បាល់ទាត់​ នៅ​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង មាន​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ជា​ប្រធាន លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ ជា​អនុប្រធាន និងសមាជិក ១០រូបទៀត៕

រូបភាព៖ ទូរទស្សន៍ ខេត្តកំពង់ឆ្នាំង

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;