អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​គ្រោង​រៀបចំ "ទឹកធ្លាក់​ជ្រាវ" ឱ្យ​ក្លាយ​ជារមណីយដ្ឋាន​អេកូ​ទេសចរណ៍ថ្មី​មួយ

  • 2018-12-12 04:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ស្ពឺ រួម​នឹង​អាជ្ញាធរ​ស្រុក​ថ្ពង រៀបចំ​បង្កើត​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ទឹកធ្លាក់​៧ជាន់ ឬ​ទឹកធ្លាក់​ជ្រាវ ក្នុងពេល​ខាងមុខ​នេះ ដើម្បី​ដាក់​បង្ហាញ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ នេះបើតាមការចុះផ្សាយ​របស់​ AKP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។

លោក សុខ ភា អភិបាល​រង​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​​ឱ្យដឹង​ថា ការ​រៀបចំ​ "ទឹក​ធ្លាក់​ជ្រាវ" ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ គឺ​ដើម្បី​ជួយ​បង្វែរ​អ្នកស្រុក​នៅ​តំបន់នេះ ឱ្យងាកមក​លក់ដូរ​ចំណី​អាហារ វត្ថុ​អនុស្សារវីយ៍​ជូន​ភ្ញៀវទេសចរ​វិញ ចៀសវាង​ចូលព្រៃ​កាប់​ឈើ បរបាញ់​សត្វព្រៃ។

លោក​បន្តថា​ នា​ពេល​អនាគត​នៅ​តំបន់នេះ​ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​រៀបចំ​ជា​កន្លែង​ផលិតផល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយថ្មី​ ឱ្យក្លាយ​ទៅជា​រមណីយដ្ឋាន​បែប​វប្បធម៌​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ។

លោក ជាម ឈួន សមាជិក​សមាគម​នៅភូមិតាំង​សំរោង ឃុំ​អមលាំង ស្រុក​ថ្ពង បាន​គាំទ្រ​ចំពោះ​ការ​ដាក់​តំបន់​ទឹកធ្លាក់​ជ្រាវ​ ជា​តំបន់​អេកូ​ទេសចរណ៍ ព្រោះ​ប្រជាពលរដ្ឋ​ក៏​ចង់ឱ្យមាន​ការ​អភិវឌ្ឍ​ដែរ ដើម្បី​ធ្វើឱ្យ​ភូមិ ឃុំ មាន​តំបន់​អេកូ​ទេសចរណ៍ មាន​ភ្ញៀវទេសចរ​ទៅលេង​ច្រើន។ ហើយ​ម៉្យាងទៀត​ នឹង​អាចធ្វើ​ឱ្យក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​ប្រភេទ​ដើម​ឈើ​ផ្សេងក្នុង​តំបន់ដីព្រៃ​ដែលត្រូវ​បាន​អភិរក្ស​ដូចជា​ដើមឈើ​ទាល ស្រឡៅ នាងនួន ដើមបេង…ជាដើម។

សូម​ជម្រាប​​ថា ទឹកធ្លាក់​ជ្រាវ ស្ថិតនៅ​ក្នុង​ភូមិ​តាំង​សំរោង ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ ពីក្រុង​ច្បារមន​។ ទឹកធ្លាក់​នេះ មាន​ជម្រាល​ច្រើន​ដំណាក់ ដែល​អំណោយផល​ដល់ការ​ងូតទឹក​លេង​កម្សាន្ត​ពី​សំណាក់ភ្ញៀវ​ទេសចរ៕

អត្ថបទទាក់ទងរមណីយដ្ឋាន​ទឹក​ធ្លាក់​៧ជាន់​ជ្រាវ កំពុង​ស្រូប​ទាញ​ទេសចរ​កាន់​តែ​ច្រើន

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;