ចិន ផ្តល់​រថយន្ត​គ្លីនិក​ចល័ត ២០​គ្រឿង​ឱ្យ​កម្ពុជា សម្រាប់​ប្រើ​នៅ​រាជធានី-ខេត្ត ចំនួន​១៥

  • 2018-12-13 01:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​កម្ពុជា បាន​ទទួល​រថយន្តគ្លីនិក​ចល័ត​ចំនួន​២០​គ្រឿង លើក​ទីពីរ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេសចិន។ ពិធីប្រគល់​-ទទួល​រថយន្ត​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​លោក ដេង បូហ្គីង អនុ​ប្រធាន​ទីប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ចិន​សម្រាប់​ការអភិវឌ្ឍ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។

លោក ម៉ម ប៊ុនហេង ក្នុងពេលទទួលរថយន្តគ្លីនិកពីភាគីចិន កាលពីថ្ងៃទី១២ ធ្នូ ២០១៨។ រូបថត៖ ក្រសួងសុខាភិបាល
ក្រសួង​សុខាភិបាល ឱ្យដឹងថា រថយន្ត​គ្លីនិក​ចល័ត​ទាំង២០គ្រឿង​នេះ នឹង​ត្រូវ​ប្រគល់​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ ខេត្ត​កំពត ខេត្ត​កោះកុង ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគីរី ខេត្ត​ព្រះវិហារ ខេត្ត​ព្រៃវែង ខេត្ត​ពោធិ៍សាត់ ខេត្ត​រតនគីរី ខេត្ត​ស្ទឹងត្រែង ខេត្ត​ឧត្តរមានជ័យ ខេត្ត​កែប ខេត្ត​ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ។

លោក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បាន​លើកឡើង​ថា នេះជា​សមិទ្ធផលថ្មី​មួយទៀត បន្ទាប់ពី​គម្រោង​មួយ​ចំនួន ដែលបាន​នឹង​កំពុង​អនុវត្ត រួមមាន រថយន្ត​គិលាន​សង្គ្រោះ​ចំនួន ២០០​គ្រឿង ម៉ាស៊ីន​អេកូសាស្រ្ត​ចំនួន​២០០​គ្រឿង ការ​សាងសង់​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យ​បង្អែក​ខេត្តត្បូងឃ្មុំ និង​រថយន្ត​គ្លីនិក​ចល័ត ដែល​សរុប​ទាំងពីរ​លើក​ចំនួន ៤០គ្រឿង។

លោក ម៉ម ប៊ុនហេង បាន​​បន្ថែម​ថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង២ កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​ថ្មីៗ​បន្ថែម​ទៀត ជាពិសេស​គម្រោង​នានា​មួយចំនួន ដូចជា គម្រោង​ពង្រឹង​សមត្ថភាព​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គម្រោង​ពង្រីក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដែលអាច​នឹង​ទទួល​បានការ​អនុម័ត នាពេល​ឆាប់ៗ​ខាងមុខ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;