រដ្ឋសភា​​អនុម័ត​សេចក្តី​ស្នើច្បាប់ ​បើកផ្លូវ​ឲ្យ​អតីត​មន្ត្រី CNRP មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

  • 2018-12-13 02:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា​បាន​អនុម័ត សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (ស្ទួន) នៃច្បាប់​ស្តីពី​គណបក្ស​នយោបាយ តាម​សំណើ​របស់​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បើក​ផ្លូវឲ្យ​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មានសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ ការ​សម្រេច​អនុម័ត​នេះ ធ្វើឡើង​នាព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ដោយ​សំឡេង​​ចំនួន ១១៥ លើ​ ១១៥សំឡេង។

កិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨
សូម​រំលឹក​ថា កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន ៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ សេចក្តី​ស្នើច្បាប់​នេះ ជាការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥ថ្មី (ស្ទួនមួយ) គឺ៖ «**បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ។ បុគ្គល​ដែលបាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹងអាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញច្បាប់ បន្ទាប់ពី​ផុតរយៈពេល​នៃការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬក្នុង​ករណី​ដែល​បុគ្គលនោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ**»។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី២ នៃ​រដ្ឋសភា បាន​ថ្លែងថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​ដំបូង នៅថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ដោយច្បាប់​នេះ​ដំបូង​មាន​តែ៤៥​មាត្រា និងបាន​ធ្វើវិសោធនកម្ម​ចំនួន​ពីរដង គឺ​វិសោធនកម្ម​លើកទី១ នៅថ្ងៃទី០​៧ ខែ​មីនា ឆ្នាំ​២០១៧ និង​វិសោធនកម្ម​លើកទី២ នៅថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៧។

លោកថា ចំណែក​ការធ្វើវិសោធនកម្ម​ច្បាប់នេះ ជា​លើកទី៣ គឺ​ដើម្បី​ធានា​ភាពច្បាស់លាស់​របស់​បុគ្គល ដែលត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ និង​ប្រសិទ្ធភាព​នៃការ​អនុវត្ត​ច្បាប់​ដែលនៅ​ជា​ធរមាន ដើម្បី​លើក​កម្ពស់​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា។

លោក ជាម យៀប បញ្ជាក់​ថា មាន​មជ្ឈដ្ឋាន​ខ្លះ​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នោះ ដោយសារ​មាន​សំពាធ​ពីបរទេស គឺ​មិនត្រឹមត្រូវ​ទេ តែជា​ស្មារតី​បង្រួបបង្រួម​ជាតិ។ ការធ្វើ​វិសោធនកម្ម​នេះ ដើម្បី​តួនាទី​និងការ​ទទួល​ខុសត្រូវ​របស់​គណបក្ស​នយោបាយ​នៅ​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;