សិលាចារិក​មួយផ្ទាំង នឹងត្រូវ​ដង្ហែ​ពី​ខេត្ត​កំពង់ស្ពឺ ទៅកាន់​សារមន្ទីរជាតិ

  • 2018-12-13 02:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្ដី​សម្រេច​បង្កើត​គណៈ​កម្មការ​មួយ ដើម្បី​រៀបចំ​ពិធី​បុណ្យ និង​ពិធី​ដង្ហែ​សិលា​ចារិក​មួយផ្ទាំង ពី​វត្ត​គិរិស្ដេចគង់ ក្នុងឃុំ​ស្វាយចចិប ស្រុកបសេដ្ឋ ខេត្ត​កំពង់ស្ពឺ ទៅ​តម្កល់​នៅ​សារមន្ទីរជាតិ ក្នុង​រាជធានី​ភ្នំពេញ។ សេចក្ដី​សម្រេច​ដដែល បាន​បញ្ជាក់ថា ពិធី​បុណ្យ និងពិធី​ដង្ហែ​សិលា​ចារិកនេះ នឹងធ្វើ​ឡើង​នៅថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨។

យោង​តាម​លោកប្រវិត្តិវិទូ​ខ្មែរ លោក​សាស្រ្តាចារ្យ​បណ្ឌិត វង់ សុធារ៉ា បាន​ឲ្យដឹងថា សិលា​ចារិក​នេះ ស្ថិត​ក្នុង​រាជ​ព្រះបាទ «ព្រះបាទឥសានវម៌្មទី១»។ លោក​សាស្រ្ដាចារ្យ​ឯកទេស​សិលា​ចារឹក​រូបនេះ បាន​បញ្ជាក់ថា ព្រះបាទឥសានវម៌្មទី១​ ជាកំពូលព្រះ​មហាក្សត្រ​មួយ​អង្គ​នៅលើព្រះមហាក្សត្រ​ជាច្រើន ដែល​គ្រប់គ្រងលើផ្ទៃដីសុវណ្ណភូមិនៅឆ្នាំ៦៣៣ នៃគ.ស។ លោក​បណ្ឌិត​បាន​បន្ថែមថា នេះជាជោគជ័យយ៉ាងអស្ចារ្យរបស់វត្តគិរីស្តេចគង់ និងក្រុមការងារមន្ត្រីវប្បធម៌-ធម្មការខេត្ត និងក្រសួង បន្ទាប់ពីលោក​បណ្ឌិត​បាន​​បង្ហាញពីសារ:​សំខាន់នៃសិលាចារឹកនេះ កាលពីចុងខែធ្នូឆ្នាំមុន និងធ្វើសំណើផ្ទាល់មាត់ដល់មន្ត្រីពាក់ព័ន្ធ។

សិលា​ចារិក ដែល​នឹង​ត្រូវ​ដង្ហែ​ពី​វត្ត​គិរិស្ដេចគង់ ក្នុងខេត្ត​កំពង់ស្ពឺ មកកាន់​សារមន្ទីរជាតិ​ (រូបភាពពី​គណនី​ហ្វេសប៊ុក​លោក​បណ្ឌិត វង់ សុធារ៉ា)
សូមបញ្ជាក់ថា គណៈកម្មការរៀបចំ​ពិធី​បុណ្យ និង​ដង្ហែ​សិលា​ចារិក​នេះ ដឹកនាំ​ដោយ​លោក សរ សុពុត្រា អភិបាល​រង​ខេត្ត​កំពង់ស្ពឺ អមដោយ​អនុប្រធាន​ ៤រូប និង​សមាជិក ១១រូប។ ក្រៅ​ពីគណៈកម្មការ​នេះ ក៏មាន​ការ​បង្កើត​អនុ​គណៈ​កម្មការ​ចំនួន ៣ទៀតផងដែរ គឺ​អនុ​គណៈ​កម្មការ​សន្តិសុខ សណ្ដាប់ធ្នាប់ ដឹកនាំ​ដោយ​លោក សោម បូរ៉ា ស្នងការរង​នគរបាល​ខេត្ត​កំពង់ស្ពឺ អនុ​គណៈ​កម្មការ​សម្របសម្រួល និង​ពិធីការ​សាសនា ដឹកនាំដោយ​លោក សម សោភ័ណ ប្រធាន​មន្ទីរធម្មការ​ និង​សាសនា​ខេត្ត​កពង់ស្ពឺ និងអនុ​គណៈ​កម្មការ​ឃោសនា បច្ច័យ និង​ភស្ដុភា ដឹកនាំ​ដោយ​ព្រះតេជគុណ គង់ សុខហាន ព្រះ​លេខា​គណខេត្ត​កំពង់ស្ពឺ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;