ទឹកត្រី​កំពត​ ត្រៀមលក្ខណៈ​ចេញទៅ​ប្រកួតប្រជែង​ នៅ​ក្រៅ​ប្រទេស​

  • 2018-12-13 03:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតផល​ទឹកត្រី​ដ៏​ល្បីឈ្មោះ​នៃ​ខេត្ត​កំពត​ កំពុង​ត្រៀមលក្ខណៈ​នាំ​ចេញទៅ​ប្រកួតប្រជែង​ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ដូច​ផលិតផល​ម្រេច​​នៃ​ខេត្ត​ភាគ​និរតី​មួយ​នេះដែរ​។​ ក្នុង​ចំណោម​សិប្បកម្ម​ចំនួន ៧​កន្លែង​នៅ​ទូទាំង​ខេត្ត​ ក្នុង​មួយ​ឆ្នាំ​ ទិន្នផល​នៃ​ការផលិត​ទឹកត្រី​មាន​បរិមាណ​ប្រមាណ​ជិត​មួយ ១,៥លាន​លីត្រ​។

លោក​ ចាន់ ស៊ីថា ប្រធាន​ក្រុមហ៊ុន​ផលិត​ទឹកត្រី​ង៉ូ​វ ហេង​កំពត​ ដែល​មាន​មូលដ្ឋាន​ស្ថិត​ក្នុង​ភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​កំពុង​ត្រៀមលក្ខណៈ​សម្បត្តិ ដើម្បី​នាំ​ទឹកត្រី​ដែល​ជា​ផលិតផល​ប្រចាំ​ខេត្ត​កំពត ​ចេញទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ កន្លងមក ផលិតផល​របស់​លោក​ ផ្តោត​ជា​សំខាន់​តែ​លើ​ទីផ្សារ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​។

តែ​ឥឡូវ​ ក្រុមហ៊ុន​នឹង​បំពេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ លោក​ក៏​សំណូមពរ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ ឲ្យ​ជួយ​បង្ក​លក្ខណ​:​ងាយស្រួល និង​គាំទ្រ​ការ​នាំចេញ​ទឹកត្រី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​ ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​នោះ។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​សម្តែង​ក្តី​រំពឹង​ថា​ ការនាំចេញ​នេះ​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ហើយ​បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កាន់តែ​ច្រើន​ឡើង​​។

លោក​ចាន់​ ស៊ីថា ​បាន​បញ្ជាក់​ថា​ ទឹកត្រី​របស់​លោក​ ជា​ប្រភេទ​ទឹក​ត្រី​ផលិត​ពី​ត្រី​កា​កឺ​ម​ស្រស់​ យក​ពី​សមុទ្រ​ ដាក់​ត្រាំ​ជាមួយ​អំបិល​ក្នុង​ធុង​ឈើ​ដែល​ធុង​នីមួយៗ ​អាច​ផ្ទុក​បាន​ពី​ ៥​តោន​ទៅ​ ១៥​តោន​។​នៅ​ពេល​រក្សាទុក​បាន​គ្រប់​មួយ​ឆ្នាំ ​ទើប​ធ្វើឲ្យ​ទឹកត្រី​នោះ ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ប្រកបដោយ​អនាម័យ​ល្អ​។

លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្ត​ថា​ អាជីវកម្ម​ទឹកត្រី​របស់​លោក​នៅ​តែ​មាន​ការ​កើនឡើង ដោយ​មួយ​ខែ​ៗ ក្រុមហ៊ុន​អាច​ផលិត​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ​បាន​ជាង​ ១០​ម៉ឺន​លីត្រ ជាមួយ​មាន​អ្នក​ជំនាញ ព្រមទាំង​កម្មករ​ផលិត​ផ្ទាល់​សរុប​ជាង​ ៥០​នាក់​។

លោក​ សុខ ​គឹម​ជឿន ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត​កំពត ​បាន​ឲ្យ​ដឹង​ថា​ នៅ​ទូទាំង​ខេត្ត​មាន​សិប្បកម្ម​ផលិត​ទឹកត្រី​តូច​ធំ​ចំនួន​ ៧​កន្លែង​ ដោយ​មួយឆ្នាំៗ​បរិមាណ​ផលិត​បានជា​មធ្យម​ប្រមាណ​១ ៤៥០ ០០០​លីត្រ​។​ មន្ទីរ​ជំនាញ​តែង​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ផលិត​ទឹកត្រី​ទាំងអស់​ដែល​មាន​នៅ​ក្នុង​ខេត្ត​កំពត​រហូត​មក​ដល់​បច្ចុប្បន្ន​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ​ពេល​មានការ​តាំង​ពិព័រណ៍​ថ្នាក់​ជាតិ ​ឬ​អន្តរជាតិ​ អាជ្ញាធរ​ខេត្ត​តែងតែ​បង្ក​លក្ខណៈ​ដល់​ម្ចាស់​សហគ្រាស​ផលិត​ទឹកត្រី​ទាំងនោះ ​បាន​នាំ​យក​ផលិតផល​របស់​ខ្លួន​ចូលរួម​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​គេ​ស្គាល់​នូវ​លក្ខណៈ​ពិសេស​ ក៏ដូចជា​រសជាតិ​របស់​ទឹកត្រី​ខេត្ត​កំពត​ទៀត​ផង​​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;