ADB ផ្តល់​ប្រាក់​កម្ចី ៧០លាន​ដុល្លារ សម្រាប់​កែ​លម្អ​ផ្លូវជាតិ​ចំនួន​២ នៅ​កម្ពុជា

  • 2018-12-13 04:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​​សម្បទានប្រមាណ ៧០​លាន​ដុល្លារ​ ​សម្រាប់​កែលម្អ និង​លើកកម្ពស់​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​៦​។ ពិធី​ចុះហត្ថលេខា​ទទួល​ប្រាក់កម្ចី​នេះ គឺ​ធ្វើឡើង​រវាង​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​មកពី ADB នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ២០១៨។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ ឱ្យ​ដឹង​ថា ​ថវិកា​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​លើក​កម្រិត​ផ្លូវជាតិ​លេខ​១ ចន្លោះ​ពី​អ្នក​លឿង​ទៅ​បាវិត​(​គីឡូម៉ែត្រ​លេខ​៦៣+៣០០ ដល់​គីឡូម៉ែត្រ​លេខ ១៥៩+០០០) ពី​កម្រាល​កៅស៊ូ DBST នា​ពេលប្ចុប្បន្ន​ទៅ​ជា​កម្រាល​កៅស៊ូ AC។ ចំណែក​កំណាត់​​ផ្លូវជាតិ​លេខ​៦វិញ គឺ​ត្រង់​ចន្លោះ​ពី​ក្រុង​សៀមរាប ទៅ​ក្រឡាញ់ (​គីឡូម៉ែត្រ​លេខ​៣១៧+៦៣០ ដល់​គីឡូម៉ែត្រ​លេខ​៣៦៧+៥១២) ដែល​បច្ចុប្បន្ន​មាន​កម្រាល​កៅស៊ូ AC​ស្រាប់​ហើយ​នោះ ​នឹង​ត្រូវ​សាងសង់​លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​។​

កំណាត់ផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿង ទៅបាវិត (រូបថត៖ Google Maps)
ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បន្ថែមទៀតថា កំណាត់​ផ្លូវ​ទាំងពីរ​នេះ នឹង​ធ្វើការ​លើក​កម្រិត​ដោយ​ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល ១៨​ខែ ហើយ​បន្ត​ថែទាំ​រយៈពេល ៣៦​ខែ សរុប​ប្រើ​រយៈពេល ៥៤​ខែ ហើយ​នឹង​ចាប់ផ្តើម​ការដ្ឋាន​ពី​ខែ​មករា ឆ្នាំ​២០១៩ ដល់​ខែ​មិថុនា ឆ្នាំ​២០២៣​។​

មិនតែប៉ុណ្ណោះ​ថវិកា​ខាងលើនេះ ក៏​នឹង​យកទៅ​ស្ថាបនា​មន្ទីរពិសោធន៍ សម្ភារៈ​សំណង់​ចំនួន ៤​កន្លែង នៅ​ខេត្ត​ក្រចេះ កំពត សៀមរាប និង​ពោធិ៍សាត់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាច​ត្រួតពិនិត្យ​បច្ចេកទេស​ការស្ថាបនា​ផ្លូវថ្នល់ ឲ្យ​កាន់តែ​មាន​គុណភាព​រឹងមាំ​ល្អ​ដែរ​។

សូម​រំលឹក​ថា កាលពីចុង​ខែ​តុលា​កន្លង​ទៅ ក្រសួង​សាធារណការ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈនៃការ​យោគយល់​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ Korea Consultants International (KCI)  ដែល​មាន​ទឹកប្រាក់​ជាង ៣លាន​ដុល្លារ លើ​គម្រោង​ការងារ​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​គម្រោង​កែ​លម្អ និង​លើក​កម្រិត​បណ្ដាញ​កំណាត់​ផ្លូវ​ជាតិ​ទាំង២នេះ៕

អត្ថបទទាក់ទង

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;