Samsung បិទ​រោងចក្រ​ដំឡើង​ទូរសព្ទ នៅ​ចិន

  • 2018-12-13 06:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Samsung បាន​ប្រកាស​បិទ​ដំណើរការ​រោងចក្រ​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់ពី​ការ​លក់​បាន​ធ្លាក់ចុះ និង​ការប្រកួតប្រជែង​ទូរសព្ទ​ដែល​មាន​តម្លៃ​ថោក​ជាង កើតឡើង​ពី​សំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​។

រោងចក្រ Samsung នៅក្រុង Tianjin ប្រទេសចិន នឹងត្រូវបិទទ្វារ នៅដំណាច់ឆ្នាំ​២០១៨ (រូបថត៖ pocketnow.com)
យោង​តាម​ក្រុមហ៊ុន​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ Counterpoint បាន​ឲ្យដឹង​ថា ​ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០១៨ ភាគហ៊ុន​របស់ Samsung ក្នុង​ទីផ្សារ​ចិន បាន​ធ្លាក់​ចុះ ១% ធ្វើឲ្យ​ Samsung ចាញ់​ក្នុង​ការប្រកួតប្រជែង​ពី​សំណាក់ Huawei ​។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ Samsung បាន​បញ្ជាក់​ថា ខ្លួន​នឹង​បិទ​រោងចក្រ​នៅ​ក្នុង​ក្រុង Tianjin ភាគខាងជើង​ប្រទេស​ចិន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​រោងចក្រ​ផលិតកម្ម។ រោងចក្រ​នៅ​ក្រុង Tianjin មាន កម្មករ បុគ្គលិក​ប្រហែល ២៦០០ នាក់ និង​ត្រូវ​បិទ​នៅ​ដំណាច់​ឆ្នាំ​២០១៨នេះ។ ក្រុមហ៊ុន​បន្ត​ថា បុគ្គលិក នឹង​ទទួល​បាន​សំណង និង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ផ្លាស់​ទៅ​បម្រើ​ការ​នៅ​រោងចក្រ Samsung ណា​មួយ​ផ្សេង​ទៀត​។

យ៉ាងណាក៏ដោយ Samsung អះអាង​ថា រោងចក្រ​របស់​ខ្លួន​មួយ​កន្លែង​ទៀត នៅ​ក្រុង Huizhou ខេត្ត Guangdong ប្រទេស​ចិន នឹង​ដំណើរការ​ជា​ធម្មតា។

អ្នកវិភាគ​ជាន់ខ្ពស់​ខាង​សន្តិសុខ​របស់​ក្រុមហ៊ុន Hyundai Motor លោក Greg Roh បាន​និយាយ​ថា Samsung មិន​គួរ​បន្ត​ដំណើរការ​របស់​ខ្លួន​នៅ​ប្រទេស​ចិន​នោះ​ទេ ដោយសារតែ​កំណើន​តម្លៃ​ពលកម្ម ហើយ Samsung ស្ទើរ​តែ​គ្មាន​ចំណែក​ភាគហ៊ុន​ក្នុង​ទីផ្សារ​ចិន។ លោក​ថា Samsung គួរ​តែ​គិតគូរ​ពី​ប្រទេស​ឥណ្ឌា និង​វៀតណាម​វិញ។

សូម​បញ្ជាក់​ថា រោងចក្រ Samsung នៅ​ក្រុង Tianjin ផលិត ស្មាតហ្វូន​បាន ៣៦​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ខណៈ​រោងចក្រ​នៅ​ក្រុង Huizhou ផលិត​បាន ៧២​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ដោយឡែក រោងចក្រ Samsung នៅ​វៀតណាម ចំនួន​ពីរ រួមគ្នា​អាច​ផលិត​បាន ២៤០​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;