សិង្ហបុរី ចេញ​វិធានការ​ថ្មី​មួយ ធានា​គ្មាន​ភាគី​ទី៣ លូកដៃ​ដោយ​ឯកតោ​ក្នុង​ជម្លោះ​ដែន​ទឹិកជាមួយ​ម៉ាឡេស៊ី

  • 2018-12-13 07:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​សិង្ហបុរី​បាន​ធ្វើសេចក្តីប្រកាស​មួយ​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​ធានា​ថា គ្មាន​ប្រទេស​ហត្ថលេខី​ណាមួយ​នៃ​អនុសញ្ញា​អន្តរជាតិ​នេះ​ អាច​ចាប់ផ្ដើម​ធ្វើជា​ភាគី​ទី៣ នៃ​ការ​សម្របសម្រួល ឬមជ្ឈិតកម្ម​ដោយ​ឯកតោភាគី លើ​ជម្លោះ​ដែន​ទឹក​រវាង​សិង្ហបុរី និង​ម៉ាឡេស៊ី​នោះ​ទេ។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ២០១៨​នេះ។

រូបភាព៖ Straits Time
សិង្ហបុរី​ជឿជាក់​ថា ជម្លោះ​ដូច្នេះ ត្រូវ​ដោះស្រាយ​ដោយ​ល្អបំផុត​តាមរយៈ​ការ​ចរចា ហើយ​ប្រសិនបើ​បរាជ័យ ជម្លោះ​នេះ​ត្រូវ​នាំទៅ​កាន់​ភាគី​អន្តរជាតិ​ទី៣ សម្រាប់​ការ​ដោះស្រាយ ដោយ​លក្ខខណ្ឌ​នានា ដែល​ភាគី​ទាំង​អស់​ឯកភាព​គ្នា។

សេចក្តីប្រកាស​នេះ​បាន​បញ្ជូន​ទៅកាន់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង New York ហើយ ខណៈ​ដែល​ជម្លោះ​ដែន​ទឹក​រវាង​សិង្ហបុរី និង​ម៉ាឡេស៊ី ក្នុង​តំបន់ Tuas កំពុង​តែ​មាន​ការ​អះអាង​ទាមទារ​រៀងៗ​ខ្លួន។

ការ​ធ្វើសេចក្តីប្រកាស​នេះ គឺ​ក្រោម​មាត្រា 298(1)(a) នៃ​ច្បាប់​សមុទ្រ ដែល​មាន​ន័យ​ថា ប្រទេស​ផ្សេង​ទៀត ដែល​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ មិន​អាច​ចូល​ធ្វើ​ជា​ភាគី​ទី៣ សម្រាប់​ការ​សម្របសម្រួល ឬ​មជ្ឈិតកម្ម​ដោយ​ឯកតោ​ប្រឆាំង​នឹង​ប្រទេស​សិង្ហបុរី លើ​ជម្លោះ​ដែន​ទឹកនោះទេ។ ជាមួយ​គ្នា​នេះ សិង្ហបុរី​ក៏​មិន​អាច​ចូលធ្វើ​ជា​ភាគី​ទី៣ សម្រាប់​ការ​សម្របសម្រួល ឬ​មជ្ឈិតកម្ម​ដោយ​ឯកតោ​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ទៀត សម្រាប់​ជម្លោះ​ដូច្នេះ​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សិង្ហបុរី​បាន​កត់សម្កាល់​ប្រទេស​ជាច្រើន ដែល​បាន​ចុះហត្ថលេខា​លើ​ច្បាប់​សមុទ្រ ដូចជា​ប្រទេស​បារាំង កាណាដា អ៊ីតាលី អេស្ប៉ាញ អូស្រ្ដាលី និង​ថៃ ដែល​បាន​ធ្វើ​សេចក្តីប្រកាស​ស្រដៀង​គ្នា​នេះ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;