អ្នកវិទ្យាសាស្ត្រ រក​ឃើញ​សត្វ​​និង​រុក្ខជាតិ​ថ្មីៗ ១៥៧​ជំពូក ​ក្នុង​មហា​តំបន់​មេគង្គ​ នៅ​ឆ្នាំ​២០១៧

  • 2018-12-13 07:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិភពលោក​ បាន​រក​ឃើញ​ពូជ​សត្វ​ និង​រុក្ខជាតិ​ថ្មី​ៗ​ ​ចំនួន​ ១៥៧​ជំពូក​ ក្នុង​មហា​តំបន់​មេគង្គ ​រួមមាន​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា ​ឬ​ភូមា ​ថៃ​ ​និង​វៀតណាម​ ក្នុង​ឆ្នាំ​២០១៧​។

ត្រី​ពូជ​ប្រភេទ​ថ្មី​មួយ​ប្រភេទ Schistura kampucheensis ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពិភពលោក​ ទើប​រក​ឃើញ​នៅ​កម្ពុជា ក្នុង​ចំណោម​សត្វ​ និង​រុក្ខជាតិ​ថ្មីៗ​ ១៥៧ជំពូក ក្នុង​មហា​តំបន់​មេគង្គ (រូប៖ អង្គការ WWF)
អង្គការ​មូលនិធិ​សាកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ WWF ​​ឲ្យ​ដឹង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​ផ្សាយ​ថ្ងៃ​ទី១២ ធ្នូ​នេះ​ថា ក្នុង​របក​គំហើញ​នោះ នៅ​កម្ពុជា​ ​មាន​ជំពូក​សត្វ​ និង​រុក្ខជាតិ​ថ្មីៗ ចំនួន​ ៨ ​ជំពូក​ ត្រូវ​បាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​ ​ខណៈ​នៅ​មីយ៉ាន់ម៉ា ​ឬ​ភូមា​មាន​ ៣៩ ​វៀតណាម​ ៥៨ ​ថៃ​ ៣៥ ​និង​ឡាវ​មាន​ ២៤ជំពូក​សត្វ​ និង​រុក្ខជាតិ​ថ្មី​ៗ​។

ក្នុង​ចំណោម​ជំពូក​សត្វ​ និង​រុក្ខជាតិ​ថ្មីៗ​ ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើបនឹង​រក​ឃើញ​ទាំងនេះ​ ​ជា​រួម​ មាន​ ថ​និក​សត្វ​ ​ឬ​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ ​មាន​ ៣​ជំពូក​ ត្រី​ ​មាន​ ២៣​ជំពូក​ សត្វ​ដែល​អាច​រស់នៅ​លើ​គោក​បាន​ ​និង​ក្នុង​ទឹក​បាន​ ​មាន​ ១៤​ជំពូក​ សត្វ​ល្មូន​ ​មាន​ ២៦​ជំពូក​ និង​រុក្ខជាតិ​ ​មាន​ ៩១ជំពូក។

របាយការណ៍​ចុងក្រោយ​ Living Planet Report ​របស់​អង្គការ​ WWF ​ឲ្យដឹង​ថា​ ​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុង​ក្រោយ មាន​ការ​ធ្លាក់​ចុះ​បរិមាណ​សត្វ​ព្រៃ​ក្នុង​ពិភពលោក​ រហូត​ដល់​ទៅ ៦០​ភាគរយ។ សម្រាប់​មហា​តំបន់​មេគង្គ ​ការ​ធ្លាក់ចុះ​នៃ​បរិមាណ​សត្វ​ព្រៃ​នេះ​ រឹតតែ​អាក្រក់​ ​ដោយសារតែ​មាន​ការ​បំផ្លិចបំផ្លាញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ នៃ​ជម្រក​សត្វ​ព្រៃ​ ​និង​ការ​បរបាញ់​សត្វ​ព្រៃ​ ​ឬ​ការ​នេសាទ ​ដែល​មាន​លក្ខណៈ​ជា​ឧស្សាហកម្ម​ជាដើម នៅ​តាម​កន្លែង​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;