ស្ពាន​ឫស្សី​កោះប៉ែន នឹង​ត្រូវបើក​ឱ្យ​ឆ្លងកាត់​នៅចុងឆ្នាំ​នេះ​ហើយ

  • 2018-12-13 08:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​ឫស្សី​កោះប៉ែន ត្រូវបាន​សម្រេច​ការ​សាងសង់​ប្រមាណ ៦០ ទៅ ៧០% ហើយ ដោយ​ស្ពាន​នេះ​នឹង​ត្រូវដាក់​ឱ្យ​ដំណើរ​ការ​មុន​ថ្ងៃបុណ្យ​គ្រីស្ត​ម៉ាស ថ្ងៃទី២៥ធ្នូ​ខាងមុខ​នេះ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ប៊ុន ​ណា​រ៉ា ​ដែល​ជា​អ្នក​ទទួល​បាន​វិនិយោគ​សង់​ស្ពាន​ឫស្សីកោះប៉ែន​ពី​អាជ្ញាធរ​ខេត្ត​កំពង់ចាម នៅថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក​បាន​ឱ្យដឹងថា ស្ពាន​ដែល​មាន​ប្រវែង ៨០០ម៉ែត្រ និង​ទទឹង ២ម៉ែត្រ​នេះ អាចឱ្យ​រថយន្ត​តូចៗ​កង់​ ម៉ូតូ​ និង​ថ្មើរជើង​ចេញចូល​បាន។

ស្ពានឫស្សីកោះប៉ែន (រូបថត៖ ខែមេសា ឆ្នាំ២០១៧)
​ស្ពាន​ឬ​ស្សី​ ឬ​ស្ពាន​ប្រដឹស​នេះ ត្រូវបាន​សាងសង់​ដោយ​អ្នកបច្ចេកទេស​ខ្មែរ ដែលមាន​ទម្លាប់​ធ្វើ​កាលពីដើម​រៀងមក ត្រូវបាន​សាងសង់​រាល់​មួយឆ្នាំ​ម្តង ហើយ​ពេល​រដូវ​ទឹកទន្លេ​មេគង្គ​ស្រក​នា​រដូវប្រាំង​ឆ្នាំ​២០១៨​នេះ​ក៏​នៅតែ​ធ្វើ​។​ ​ លោក ​ប៊ុន ​ណា​រ៉ា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «**យើង​តែងតែ​សង់​រៀងរាល់ឆ្នាំ​ ពេល​ទឹកទន្លេ​ឡើង​យើង​ត្រូវតែ​រុះ​ចោល​។​ ទឹក​ស្រក​យើង​សង់​វិញ​ចេញ​ពីមុខ​វត្ត​ដីដុះ​ទៅកាន់​កោះ​ប៉ែន ដែលជា​រមណីយដ្ឋាន​វាល​ខ្សាច់​នា​កណ្តាលទន្លេ​សម្បូរ​ទៅដោយ​ខ្យល់​អាកាស​បរិសុទ្ធ ត្រជាក់​ និង​មាន​ការ​លក់ដូរ​ម្ហូបអាហារ ​និង​ផលិតផល​ដំណាំ​ដាំ​ដុះ​យ៉ាងច្រើន​នៅ​ទីនោះ**»។ ​​

​«យើង​ប្រើ​ឬ​ស្សី​អស់​ជាង​១​ម៉ឺន​ដើម​។ ​ឆ្នាំនេះ​ឬ​ស្សី​បាន​ឡើងថ្លៃ​ជាង​ឆ្នាំមុនៗ​។​ យើង​ក៏​ពិបាក​រកប្រាក់​ចំណេញ​ដែរ​ហើយ​ថ្លៃ​កម្មករ​ក៏​ឡើង​ដែរ​។​ ដោយសារ​អាជ្ញាធរខេត្ត​ មានបំណង​ចង់​រក្សា​អភិរក្ស​ស្ពាន​នេះ​ផង ​យើង​ក៏​នៅ​សាងសង់​តទៅទៀត​ ពីព្រោះ​ស្ពាន​នេះ​បាន​ល្បី​លេចឮ​លើ​ពិភពលោក​ហើយ​។​ជនបរទេស​ឬ​ភ្ញៀវទេសចរ​ណា​ក៏​មក​មើល​ចង់​ស្គាល់​ស្ពាន​នេះ​ណាស់»។ នេះ​បើតាម​លោក ណារ៉ា បញ្ជាក់​បន្ថែម។ ​

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៧​ ​ស្ពាន​នេះ​បាន​ទទួល​ភ្ញៀវ​ដើរ​ឆ្លងកាត់​ប្រមាណ ​៤​ម៉ឺន​នាក់។ ​ស្ពាន​នេះ កើតមាន​តាំងពី​ទស្ស​វត្សទី​៦០​មកម្ល៉េះ​។​ ដើមឡើយ​ស្ពាន​ឫស្សី​នេះ​ ត្រូវបាន​សាងសង់​គ្រាន់តែ​សម្រាប់​ដឹកជញ្ជូន​កសិផល​របស់​កសិករ​នៅ​តំបន់​កោះ​ប៉ែន ទៅ​លក់​នៅ​ផ្សារ​ក្រុង​កំពង់ចាម​តែប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;