ក្រសួង​សាធារណការ ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App

  • 2018-12-13 09:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវការ​នូវ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការ​ចូលរួម​ពី​ក្រសួង​សា្ថប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​ក្រសួង​ផងដែរ។

លោក​ ស៊ុន ចាន់ថុល បាន​ថ្លែង​ឱ្យដឹង​ថា កម្មវិធី​ថែទាំ​ផ្លូវ​នេះ បង្កើត​ឡើង​ក្នុងគោល​បំណង​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ និង​ក្រុម​ការងារ​ជួសជុល​ថែទាំ​ផ្លូវ បង្កើន​ទំនួល​ខុសត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច លើក​កម្ពស់​គុណភាព​ផ្លូវ ពង្រីក​ការចូលរួម​ពី​សាធារណជន បណ្ដុះ​ស្មារតី​ស្រឡាញ់​ថែរក្សា​សម្បត្តិ​ជាតិ និង​ធ្វើជា​ម្ចាស់​ការលើ​ទ្រព្យសម្បត្តិ​ទាំងនោះ។

លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធី Road Care mobile app នាព្រឹកថ្ងៃទី១៣ ធ្នូ ២០១៨។ រូបថត៖ ក្រសួងសាធារណការ
លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា តាមរយៈ​កម្មវិធី​ថែទាំផ្លូវ​នេះ ប្រជាពលរដ្ឋ​អាច​រាយការណ៍​ពី​ស្ថានភាព​ផ្លូវ​ជង្ហុក​សំបុក​មាន់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយគ្រាន់​តែ​ប្រើ​កម្មវិធី​នេះ ថត បន្ទាប់មក​បញ្ជូន​រូបភាព ឬ​វីដេអូ​ឃ្លីប ទៅកាន់​ក្រុម​ការងារ​ទទួល​បន្ទុក​ គឺ​ជាការស្រេច ដើម្បីមាន​វិធានការ​ជួសជុល​បានទាន់​ពេលវេលា។

ជាមួយគ្នា​នោះ​ផងដែរ លោក​បានគូស​បញ្ជាក់​ថា កម្មវិធី​ថែទាំ​ផ្លូវនេះ នឹង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យរីក​ចម្រើន កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ផ្លូវ​ជង្ហុក​សំបុក​មាន់ ព្រមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រកបដោយ​សុវត្ថិភាព ជាពិសេស​ជាងនេះ​ទៅទៀត វា​បង្ហាញ​ពីការ​រីក​ចម្រើន​នៃ​អរិយធម៌​ខ្មែរ​នាពេល​បច្ចុប្បន្ន តាម​ការ​រីកចម្រើន​នៃ​វិស័យ​ព័ត៌មានវិទ្យា​នេះ។

សូម​ជម្រាប​ថា កម្មវិធី​ថែទាំ​ផ្លូវ ត្រូវបាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​យើង​ផ្ទាល់ ដែលជា​មន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​កម្មវិធី​នេះ​ត្រូវបាន​ដាក់​បញ្ចូល​ទៅកាន់ Play Store និង App Store ដែលអាច​ឱ្យ​ប្រជាពលរដ្ឋ​ទាញយក​កម្មវិធី​មក​ប្រើប្រាស់​នៅលើ​ទូរសព្ទ​ដៃ​ស្មាតហ្វូន​បាន ដោយ​មិនចាំ​បាច់​ចំណាយ​ប្រាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;