វៀតណាម ចង់​ធ្វើជា​ម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូល​លើកទី២​រវាង ដូណាល់ ត្រាំ-គីម ជុងអ៊ុន

  • 2018-12-14 03:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​លើកទី២ រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់​ពីជំនួប​កំពូល​លើកទី១ ធ្វើឡើង​នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា​កន្លងទៅ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ CNN កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ដកស្រង់​ពី​ប្រភព​រដ្ឋាភិបាល​កូរ៉េខាងត្បូង។

ការ​បង្ហាញពី​បំណង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ធ្វើឡើង​ដោយ​មន្រ្តី​ជាន់ខ្ពស់​វៀតណាម ដែល​បានថ្លែង​ទៅកាន់​រដ្ឋាភិបាល​កូរ៉េខាងត្បូង កាលពី​ពេលថ្មីៗ​នេះ។

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ អំឡុង​ជំនួប​ចចារ​ជា​ប្រវត្តិសាស្រ្ដ នៅ​សណ្ឋាគារ Capella Hotel នៅ​សិង្ហបុរី នាថ្ងៃ​១២ ខែមិថុនា ២០១៨
បើតាម​ការ​ចុះផ្សាយ​របស់ Yonhap បង្ហាញ​ថា វៀតណាម​គឺជា​ទី​កន្លែង​ដ៏មាន​សក្តានុពល​សម្រាប់​កិច្ចប្រជុំ​កំពូល​អាមេរិក-កូរ៉េខាងជើង លើក​ទី២ រួម​ជាមួយ​ប្រទេស​ម៉ុងហ្គោលី និង​ឥណ្ឌូណេស៊ី។ កូរ៉េខាងជើង ដែល​ជា​ប្រទេស​ឯកា​មួយ​ពី​សហគមន៍​អន្តរជាតិ គឺមាន​ស្ថានទូត​របស់​ខ្លួន នៅក្នុង​ប្រទេស​ទាំង៣​នេះ។

កាលពី​ដើមខែ​ធ្នូនេះ លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ក្តី​រំពឹង​ថា ជំនួប​កំពូល​លើកទី២ រវាង​លោក និង​លោក គីម ជុងអ៊ុន នឹង​ធ្វើឡើង​នៅ​អំឡុង​ខែមករា ឬខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ទីតាំង​មួយ ក្នុង​ចំណោម៣​ទីតាំង​ដែលត្រូវ​ជ្រើសរើស ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឈ្មោះ​ទីតាំង​នោះឡើយ។

គួរ​កត់សម្គាល់​ថា កាលពី​ពេលថ្មីៗ​នេះ លោក Mark Lambert មន្រ្តី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។ នេះបើតាម Yonhap ដកស្រង់​ចេញពី​ប្រភព​មួយ​នៅក្រុង​វ៉ាស៊ីងតោន។ ប៉ុន្តែ​គេមិន​ទាន់ដឹងច្បាស់​ទេថា ដំណើរ​ទស្សនកិច្ច​នេះ មានជាប់​ទាក់ទង​នឹង​កិច្ច​ប្រជុំកំពូល​លើក​ទី២ រវាង​មេដឹកនាំ​អាមេរិក-កូរ៉េខាងជើង ឬយ៉ាងណា​នោះទេ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;