អានុភាព​ប្រភព​អគ្គិសនី​កម្ពុជា កើនឡើង​ជិត ១៨​ដង ក្នុង​រយៈពេល ២​០ឆ្នាំ​ចុងក្រោយ

  • 2018-12-17 06:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេល ២០​ឆ្នាំ​កន្លងមកនេះ តាមរយៈ​ការរៀបចំ​ផែនការ និង​ការអភិវឌ្ឍ​ប្រភពអគ្គិសនី​ជាបន្តបន្ទាប់​លើមូលដ្ឋាន​នៃសុខសន្តិភាព​ទូទាំង​ប្រទេស អានុភាព​ប្រភព​អគ្គិសនី​ដែលកម្ពុជា​មាន​បាន​កើនឡើង​ពី ១៥០​ម៉េហ្កាវ៉ាត់ នៅឆ្នាំ​១៩៩៨ រហូតដល់ ២៦៤៨​ម៉េហ្កាវ៉ាត់ នៅចុងឆ្នាំ​២០១៨ ដែលស្មើ​នឹង​កំណើន​ជិត ១៨​ដង។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រសួង​រ៉ែ និង​ថាមពល តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងរ៉ែ និង​ថាមពល​បានរៀបចំ​ផែនការ និង​ធ្វើការ​អភិវឌ្ឍគម្រោង​បណ្តាញជាតិ​បញ្ជូន​អគ្គិសនី​ជាបន្តបន្ទាប់ ធ្វើឲ្យ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ប្រព័ន្ធបណ្តាញ​ជាតិ​មួយ​ដែលមាន​ខ្សែបញ្ជូន​តង់​ស្យុងខ្ពស់ ២១៤១​គីឡូម៉ែត្រ និង​អនុស្ថានីយ ៣៣​កន្លែង ដែលអាចភ្ជាប់​ប្រភពអគ្គិសនី​ទាំងអស់​ដែល​បាន​អភិវឌ្ឍ រួចអាច​បញ្ជូន​ប្រភពអគ្គិសនី​នេះ​ទៅឲ្យអនុស្ថានីយ​នៅ​តាម​រាជធានី-ខេត្ត​ចំនួន ២០ ដោយ​ផ្ទាល់ និង​អាចបញ្ជូន​បន្តតាមរយៈ​ខ្សែបញ្ជូន​រង​ទៅ​ឲ្យខេត្ត ៥ ដែល​នៅ​សល់ជា​បណ្តោះអាសន្ន ។

ក្រសួង​រ៉ែក​បញ្ជាក់​ទៀត​ថា ក្នុងរយៈពេលជិត ២០​ឆ្នាំនេះ មាន​ការអភិវឌ្ឍ​បណ្តាញ​បញ្ជូនរង និងបណ្តាញ​ចែកចាយថ្មី​ជាង ៦៣៤៧៦​គីឡូម៉ែត្រ​បន្ថែម ធ្វើឲ្យ​ការផ្គត់ផ្គង់​អគ្គិសនី​បច្ចុប្បន្ន គ្របដណ្តប់​លើ​ភូមិចំនួន ១២៣០៥ភូមិ ត្រូវជា ៨៦,៨៥% នៃចំនួន​ភូមិទាំង​អស់។ ឯការភ្ជាប់​បណ្តាញអគ្គិសនី​ឲ្យអ្នក​ប្រើប្រាស់វិញ បានកើន​ឡើង​ដល់ ២,៦៥​លាន​ទីតាំង ដែល​ក្នុងនោះ​មានលំនៅដ្ឋានចំនួន ២,៥៤​លានខ្នងផ្ទះ ត្រូវជា ៧២,១៦% នៃ​ខ្នងផ្ទះសរុប៕

រូបភាព៖ ក្រសួងរ៉ែ និង​ថាមពល

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;